កម្មវិធីទិដ្ឋាការមាសរបស់ឥណ្ឌូណេស៊ីទាក់ទាញការវិនិយោគជិត ៣ពាន់លានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រទេសឥណ្ឌូណេស៊ីបានចេញទិដ្ឋាការមាសចំនួន១.១០២ ដល់ពលរដ្ឋបរទេស ដោយធានាបានថវិកាជាង ៤៨ពាន់ពាន់លានរូពី (ប្រហែល ២,៩ពាន់លានដុល្លារអាម៉េរិក) ក្នុងវិស័យវិនិយោគ គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។
អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឥណ្ឌូណេស៊ី លោកយុលឌី យូសម៉ាន់ (Yuldi Yusman) បាននិយាយថា សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះបរិយាកាសវិនិយោគរបស់ប្រទេសឥណ្ឌូណេស៊ី។
ទិដ្ឋាការមាសឥណ្ឌូណេស៊ី គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីសំខាន់ៗរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលរំពឹងថានឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ លោក យូសម៉ាន់ បានកត់សម្គាល់កាលពីថ្ងៃទី២៦ ខែកញ្ញាថា កម្មវិធីនេះស្របនឹងតួនាទីរបសអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងនាមជាអ្នកសម្របសម្រួលនៃការអភិវឌ្ឍសុខុមាលភាពសហគមន៍។
លោកបានបន្ថែមថា ក្រៅពីមានគោលបំណងបង្កើនតម្លៃវិនិយោគកម្មវិធីទិដ្ឋាការមាសនេះក៏បានរួមចំណែក ១២,៩៦ពាន់លានរូពី នៅក្នុងចំណូលរដ្ឋមិនជាប់ពន្ធ (PNBP) គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។
អ្នកកាន់ទិដ្ឋាការមាសមកពីប្រទេសចំនួន៦១ ដែលជាជនជាតិចម្រុះបានបង្ហាញថា ការវិនិយោគ និងស្នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ីដោយប្រើទិដ្ឋាការមាស បានផ្តល់នូវភាពងាយស្រួល និងជាការទាក់ទាញមួយដោយឡែកសម្រាប់ជនបរទេស។ លោក យូសម៉ាន់ បាននិយាយថា ការរួមចំណែកវិនិយោគដ៏ធំបំផុតបានមកពីក្រុមហ៊ុនបរទេសដែលបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬសាខានៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលមានចំនួនប្រមាណជិត ៤៦,៥ពាន់ពាន់លានរូពី ឬប្រហែល ៩៦% នៃការវិនិយោគសរុប។
ដោយត្រូវបានដាក់ឱ្យដំណើរការនៅក្នុងខែកក្កដា ឆ្នាំ២០២៤ កម្មវិធីទិដ្ឋាការមាសរបស់ឥណ្ឌូណេស៊ី គឺជាលិខិតអនុញ្ញាតសម្រាប់លំនៅដ្ឋានដែលផ្តល់ដល់ប្រភេទមួយចំនួននៃជនបរទេស ដូចជាអ្នកវិនិយោគជនបរទេសដែលមានជំនាញឯកទេស និងអតីតពលរដ្ឋឥណ្ឌូណេស៊ី និងកូនចៅរបស់ពួកគេ។ ទិដ្ឋាការមាសនេះមានសុពលភាពរយៈពេលពី ៥ ទៅ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ជាច្រើន រួមទាំងសិទ្ធិចូលប្រើប្រាស់ផ្លូវអាកាសជាអាទិភាព ភាពងាយស្រួលនៃសេវាកម្មអន្តោប្រវេសន៍ និងភាពច្បាស់លាស់ផ្នែកច្បាប់សម្រាប់ការវិនិយោគ និងធ្វើការងារនៅក្នុងប្រទេសឥណ្ឌូណេស៊ី៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





