នាយករដ្ឋមន្ត្រីចិនជំរុញឱ្យមានសកម្មភាពរួមគ្នាជាមួយសហភាពអឺរ៉ុបដើម្បីកិច្ចសហប្រតិបត្តិការទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បាននិយាយនៅពេលជួបជាមួយប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយេន (Ursula von der Leyen) ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃពុធថា ប្រទេសចិនសង្ឃឹមថាសហភាពអឺរ៉ុប (EU) នឹងធ្វើការជាមួយខ្លួនក្នុងការចាត់វិធានការជាក់ស្តែងដើម្បីជំរុញឱ្យមានការពង្រឹងយ៉ាងស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
លោក លី បាននិយាយថា ឆ្នាំនេះគឺជាខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងសហភាពអឺរ៉ុប ដោយលោកបានបន្ថែមថា ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបជាមួយលោកស្រី វ៉ុន ដឺ ឡេយេន និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក អានតូញ៉ូ កូស្ដា (Antonio Costa) នៅទីក្រុងប៉េកាំងកាលពីខែកក្កដា ដោយលោកបានផ្តល់នូវការណែនាំជាយុទ្ធសាស្ត្រ និងឈានដល់ការឯកភាពគ្នាដ៏សំខាន់លើការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងចិន-សហភាពអឺរ៉ុប។
នាយករដ្ឋមន្ត្រីចិនបានលើកឡើងពីកិច្ចប្រជុំកំពូលចិន-សហភាពអឺរ៉ុបលើកទី២៥ ដែលដឹកនាំដោយលោក កូស្ដា និងលោកស្រី វ៉ុន ដឺ ឡេយេនដោយលោកបាននិយាយថា ព្រឹត្តិការណ៍នេះបានផ្តល់នូវលទ្ធផលវិជ្ជមាន។
លោក លី បានសម្តែងនូវឆន្ទៈរបស់ប្រទេសចិនក្នុងការធ្វើការជាមួយEU ដើម្បីអនុវត្តន៍ការឯកភាពគ្នាដែលភាគីទាំងពីរសម្រេចបាន រក្សាទំនាក់ទំនងការទូតដែលបានបង្កើតឡើង ពង្រឹងសាមគ្គីភាព និងការសម្របសម្រួល និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខភាពល្អ និងស្ថិរភាពនៃទំនាក់ទំនងចិន-សហភាពអឺរ៉ុប។
ចំណែកលោកស្រី វ៉ុន ដឺ ឡេយេន បាននិយាយថា ក្នុងនាមជាប្រទេសសេដ្ឋកិច្ចសំខាន់ទាំងពីររបស់ពិភពលោក ការពង្រឹងកិច្ចសន្ទនា ការបង្កើនការយល់ដឹង និងការពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមករវាង EU និងចិន គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ភាគីទាំងពីរ និងការអភិវឌ្ឍពិភពលោក។
លោកស្រីបានបន្ថែមថា EU មានឆន្ទៈអនុវត្តន៍យ៉ាងសកម្មនូវមតិឯកភាពដែលសម្រេចបានក្នុងកិច្ចប្រជុំមេដឹកនាំចិន-សហភាពអឺរ៉ុបនៅឆ្នាំនេះដោះស្រាយភាពខុសគ្នាតាមរយៈការសន្ទនា និងការពិគ្រោះ និងសម្រេចបាននូវលទ្ធផលកិច្ចសហប្រតិបត្តិការថ្មីៗលើវិស័យដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ការការពារបរិស្ថាន និងជំនួយក្នុងការអភិវឌ្ឍ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





