នាយករដ្ឋមន្ត្រីសិង្ហបុរីបង្ហាញទិសដៅសំខាន់ៗសម្រាប់ការអភិវឌ្ឍជាតិ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ -- នៅក្នុងសុន្ទរកថារបស់លោកទៅកាន់សភានីតិកាលទី១៥ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរេនស៍ វ៉ុង(Lawrence Wong) បានគូសបញ្ជាក់អំពីមាគ៌ាឆ្ពោះទៅមុខរបស់សិង្ហបុរីដោយផ្តោតសំខាន់ទៅលើការលើកកម្ពស់ចលភាពសង្គម ការកសាងសេដ្ឋកិច្ចដ៏រស់រវើក និងការពង្រឹងសាមគ្គីភាព។ លោកបានទទួលស្គាល់អំពីបរិយាកាសខាងក្រៅដ៏លំបាក សង្គមមនុស្សចាស់ និងការថប់បារម្ភក្នុងចំណោមយុវវ័យអំពីអនាគតរបស់ពួកគេ ដោយលោកបានសន្យាថា«យើងនឹងមិនធ្វើឱ្យអ្នកខកចិត្តឡើយ។ យើងកំពុងបង្កើតសិង្ហបុរីសម្រាប់អ្នកនិងជាមួយអ្នក»។ លោក វ៉ុង បានជំរុញឱ្យប្រជាជនសិង្ហបុរីទាំងអស់ភ្ជាប់ទំនាក់ទំនង សហការ និង «បង្កើតអនាគតរបស់យើងជាមួយគ្នា» ដើម្បីធានាឱ្យប្រទេសជាតិទទួលបានជោគជ័យជាបន្តបន្ទាប់។
ដើម្បីបង្កើនភាពចល័តក្នុងសង្គម រដ្ឋាភិបាលគ្រោងនឹងរក្សា «ជណ្តើរយន្តផ្លាស់ទី» ដោយពង្រីកគំនិតផ្តួចផ្តើមកុមារតូចដូចជាកម្មវិធី KidStart និងបង្កើនកម្មវិធីគាំទ្រសម្រាប់គ្រួសារដែលមានចំណូលទាប ដូចជាកម្មវិធីComLink+ ជាដើម។ លោកបានកត់សម្គាល់ថា រដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សរ៍រួចហើយសម្រាប់តួនាទីសំខាន់ៗ ដែលពីមុនមិនមានតម្លៃ(ដូចជាគ្រូមត្តេយ្យសិក្សាជាដើម) ដោយលោកបានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរសង្គមក្នុងផ្នត់គំនិតឆ្ពោះទៅរកការអាជីពផ្សេងៗក៏ជាកត្តាសំខាន់ផងដែរ។
សម្រាប់វិស័យសេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រីបានសន្យាថានឹងរក្សាភាពប្រកួតប្រជែង និងថាមវន្តដោយការពង្រឹងប្រព័ន្ធអេកូឡូស៊ីអាជីវកម្មដើម្បីទាក់ទាញអ្នកចាប់ផ្តើមអាជីវកម្ម និងក្រុមហ៊ុនសកលលោក។ លោកបានគូសបញ្ជាក់ពីផែនការពង្រឹងភាពគ្រប់គ្រាន់នៃការចូលនិវត្តន៍ និងធានាបាននូវការគាំទ្រកាន់តែខ្លាំងសម្រាប់ក្រុមងាយរងគ្រោះ និងកុមារក្នុងស្ថានភាពលំបាក ដោយចង្អុលទៅរកកម្មវិធី SkillsFuture ជាទម្រង់នៃសន្តិសុខការងារដ៏រឹងមាំ។ លោក វ៉ុង បានបញ្ជាក់ថា វិសមភាពប្រាក់ចំណូលបានរួមតូចតាមរយៈគោលនយោបាយមួយចំនួន ដូចជាកាតព្វកិច្ចទៅលើការបែងចែកទ្រព្យសម្បត្តិ និងលំនៅឋានសាធារណៈ ហើយលោកបានអំពាវនាវឱ្យមាននយោបាយស្ថាបនាដោយឈរលើសុចរិតភាព ដោយជំរុញឱ្យរដ្ឋាភិបាល និងប្រជាពលរដ្ឋកសាងមូលធនសង្គម និងកិច្ចសហប្រតិបត្តិការសហគមន៍នៅគ្រប់មជ្ឈដ្ឋាន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





