សម្ពាធពន្ធគយជំរុញឱ្យបណ្តាប្រទេសនៅអាស៊ានចរចាជាមួយសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ -- អ្នកតំណាងពាណិជ្ជកម្មអាម៉េរិក លោក ចាមីសុន ហ្រ្គៀ (Jamieson Greer) កាលពីថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២៥ បានប្រកាសថា សហរដ្ឋអាមេរិករំពឹងថានឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាប្រទេសមួយចំនួនជាសមាជិកអាស៊ានក្នុងប៉ុន្មានខែខាងមុខនេះ។
ថ្លែងនៅទីក្រុងកូឡាឡាំពួររបស់ប្រទេសម៉ាឡេស៊ីនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លោក ហ្រ្គៀ បាននិយាយថា កិច្ចចរចារពន្ធគយជាមួយប្រទេសនីមួយៗក្នុងតំបន់កំពុងមានវឌ្ឍនភាព ដោយកិច្ចព្រមព្រៀងមួយចំនួនអាចនឹងត្រូវបញ្ចប់ក្នុងរយៈពេលប៉ុន្មានខែ ឬប៉ុន្មានសប្តាហ៍ខាងមុខនេះ។ លោកបាននិយាយបន្ថែមថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនិងអាស៊ានមានផលប្រយោជន៍រួមជាច្រើន ហើយអាចធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួមនៃការធានាឱ្យគ្នាទៅវិញទៅមក និងតុល្យភាពនៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកលលោក។
បណ្តាប្រទេសនៅអាស៊ានបាននឹងកំពុងប្រឈមមុខនឹងអត្រាពន្ធគយខ្ពស់ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់ចេញ និងមានការព្រួយបារម្ភអំពីផលប៉ះពាល់របស់ពួកគេ ជាពិសេសសម្រាប់សេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញ។ តំបន់ភាគច្រើនទទួលរងនូវពន្ធគយពី ១៩% ទៅ ២០% ដោយនៅក្នុងនោះ ប្រទេសឡាវ និងមីយ៉ាន់ម៉ាប្រឈមនឹងអត្រាខ្ពស់រហូតដល់៤០% ខណៈដែលសិង្ហបុរីទទួលបានពន្ធទាបជាងគេ គឺ ១០%។
នេះជាការកត់សម្គាល់នូវកិច្ចប្រជុំលើកដំបូងរបស់លោក ហ្រ្គៀ ជាមួយប្លុកទាំងមូលបន្ទាប់ពីរយៈពេលនៃកិច្ចចរចារពន្ធទ្វេភាគីជាមួយរដ្ឋសមាជិកនីមួយៗ។ ក្រុមអ្នកសង្កេតការណ៍បានកត់សម្គាល់ថា ការដំឡើងពន្ធលើវិស័យជាក់លាក់របស់រដ្ឋាភិបាលអាម៉េរិកដែលបានគ្រោងទុក អាចជំរុញឱ្យអាស៊ានទទួលយកគោលជំហររួបរួមបន្ថែមទៀតនៅក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក។
ធនាគារវិនិយោគ Maybank Bhd (Maybank IB) បានគូសបញ្ជាក់ថា ការនាំចេញរបស់ម៉ាឡេស៊ីទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះនៅក្នុងខែសីហា ដែលជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ មក។ ការធ្លាក់ចុះនេះបានកើតឡើងបន្ទាប់ពីអត្រាពន្ធគយ ១៩% ត្រូវបានបញ្ចប់កាលពីចុងខែកក្កដា និងចូលជាធរមានកាលពីថ្ងៃទី០៧ ខែសីហា។
ទន្ទឹមនឹងនេះដែរ លោក ប៉ាយ៉ុង ស្រ៊ីវ៉ានីច (Payong Srivanich)ប្រធានសមាគមធនាគាថៃ បានបញ្ជាក់ថា ពន្ធគយ ១៩% ដែលត្រូវអនុវត្តចំពោះទំនិញថៃ បានជួយប្រទេសនេះឱ្យជៀសផុតពីសេណារីយ៉ូនៃការបាត់បង់ការប្រកួតប្រជែងដ៏អាក្រក់បំផុត បើធៀបទៅនឹងប្រទេសជិតខាងដែលកំពុងប្រឈមមុខនឹងកម្រិតពន្ធស្រដៀងគ្នានេះ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





