ហ្វីលីពីនបិទថ្នាក់រៀន និងលុបចោលជើងហោះហើរ ខណៈដែលព្យុះប៊ូឡូយវាយប្រហារ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រទេសហ្វីលីពីនបានបិទសាលារៀន និងលុបចោលជើងហោះហើរជាច្រើនកាលពីថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥ ខណៈដែលព្យុះថ្មីមួយបានគំរាមកំហែងវាយប្រហារត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីព្យុះទីហ្វុងរ៉ាហ្គាសា (Ragasa) បានសម្លាប់មនុស្ស០៩នាក់នៅក្នុងប្រទេស។
ព្យុះត្រូពិកប៊ូឡូយ (Bualoi) ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងជាព្យុះទីហ្វុងនៅថ្ងៃទី២៦ ខែកញ្ញានេះ ហើយបន្ទាប់មកនឹងបោកបក់ទៅភាគខាងត្បូងនៃកោះលូហ្សូនដ៏ធំបំផុតរបស់ប្រទេសហ្វីលីពីន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក បេនីសុន អេស្តារេចា (Benison Estareja) មកពីសេវាអាកាសធាតុរបស់ប្រទេសបានព្រមានអំពីគ្រោះទឹកជំនន់ និងការរអិលបាក់ដីនៅតំបន់ភ្នំ ដោយលោកបាននិយាយបន្ថែមថា រលកសមុទ្ររហូតដល់បីម៉ែត្រក៏គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតផងដែរ។
អ្នកគ្រប់គ្រងការិយាល័យការពារជនស៊ីវិល (OCD) លោក ហារ៉ូដ កាប្រេរ៉ូស (Harold Cabreros) បាននិយាយថា ភ្លៀងធ្លាក់ជាបន្តបន្ទាប់ហើយអាចបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីជាថ្មីនៅភាគខាងជើងនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ និងជាពិសេសនៅតំបន់ដែលមានភ្លៀងធ្លាក់រួចទៅហើយ។
ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានប្រកាសថា មនុស្សប្រហែល ១.៥០០នាក់ត្រូវបានជាប់គាំងនៅក្នុងកំពង់ផែប៊ីកូល ដែលជាតំបន់ដែលព្យុះនេះត្រូវបានព្យាករណ៍ថានឹងវាយប្រហារ។ ទន្ទឹមនឹងនេះដែរ មនុស្សរាប់ពាន់នាក់នៅតែត្រូវជម្លៀសខ្លួននៅក្នុងប្រទេសដែលសើមដោយទឹកភ្លៀង បន្ទាប់ពីព្យុះទីហ្វុងរ៉ាហ្គាសាដ៏ខ្លាំងបានឆ្លងកាត់តំបន់ភាគខាងជើងរបស់ប្រទេសនេះ។
នៅពេលមុននេះ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីនែនដ៍ ម៉ាកូស ជេអ. (Ferdinand Marcos Jr.) បានសន្យាថា រដ្ឋាភិបាលបានស្តុកទុកស្បៀងអាហារ ថ្នាំពេទ្យ និងជំនួយសង្គ្រោះផ្សេងទៀតនៅក្នុងតំបន់ដែលរំពឹងថានឹងរងការវាយប្រហារដោយព្យុះប៊ូឡូយ។
ហ្វីលីពីនរងការវាយប្រហារដោយព្យុះ និងព្យុះទីហ្វុងជាមធ្យមចំនួន២០ដងក្នុងមួយឆ្នាំ ដែលធ្វើឱ្យប្រជាជនរាប់លាននាក់នៅតំបន់ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយស្ថិតក្នុងស្ថានភាពនៃភាពក្រីក្រឥតឈប់ឈរ។ អ្នកវិទ្យាសាស្ត្របានព្រមានថា ព្យុះកាន់តែមានកម្លាំងខ្លាំងឡើងនៅពេលដែលផែនដីឡើងកម្តៅ ដោយសារតែឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុដែលជំរុញដោយមនុស្ស៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





