ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់១.៨៥០គ្រួសារ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥-- សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន ១.៨៥០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព ក្នុងនោះ ៩៥០គ្រួសារ មកពីខេត្តមណ្ឌលគិរី និង៩០០គ្រួសារមកពីខេត្តរតនគិរី។

ពិធីចែកអំណោយនេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលមន្រ្តីតំណាងមកពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះចែកនៅខេត្តមណ្ឌលគិរីចំនួន៩៥០គ្រួសារ ក្នុងនោះស្រុកកែវសីមាចំនួន ១៥៩គ្រួសារ និងស្រុកកោះញែក ចំនួន៧៩១គ្រួសារ។ ដោយឡែកខេត្តរតនគិរី ចំនួន៩០០គ្រួសារ ក្នុងនោះ ស្រុកកូនមុំ ចំនួន៤០០គ្រួសារ និងស្រុកលំផាត់ ចំនួន៥០០គ្រួសារ។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗនឹងទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប ប្រេងឆា១ដប ម្សៅសាប៊ូ១កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕



ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





