ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទនៅស្រុកកំពង់ស្វាយ
AKP កំពង់ធំ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយមន្ត្រីជំនាញជលផលចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទនៅតំបន់បឹងរាល ប្រទះជាល និងតំបន់កក់វាល ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយបានបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ប្រវែងប្រមាណជាង ២៥០ម៉ែត្រឡុកចំនួន៣ឡុក បង្គោលរបាំងជាង២៥០ដើមនិងបានចាក់លែងកូនត្រីចម្រុះមួយចំនួនចូលទន្លេវិញ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា នៅក្នុងរដូវបិទនេសាទអស់រយៈពេលជិតខែកន្លងទៅនេះក្រុមជនប្រព្រឹត្តបទល្មើសមួយចំនួននៅតែបន្តលួចដាក់ឧបករណ៍នេសាទខុសច្បាប់នៅតំបន់ជ្រៅក្នុងព្រៃរនាម ដែលលាក់កំបាំងនិងភ្នែកកម្លាំងចម្រុះរបស់យើង ហើយត្រូវបានកងកម្លាំងយើងបង្ក្រាបបានប្រវែងរាប់ម៉ឺនម៉ែត្រ។ ចំពោះរបាំងស្បៃមុង និងរបាំងសាច់អួនខុសច្បាប់ដែលមានក្រឡាញឹក ក្រុមជនល្មើសតែងតែលួចដាក់បង្កប់ក្រោមទឹក ដែលកងកម្លាំងចម្រុះរបស់យើង លំបាកក្នុងការស្រាវជ្រាវរកនិងបង្ក្រាប លុះត្រាតែព្យាយាមទើបបង្ក្រាបទទួលបានជោគជ័យ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំងចម្រុះពិសេសកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការបន្តបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់ឃុំពាមបាងនិងឃុំចំណាយក្រោម ស្រុកស្ទោង ព្រមទាំងឃុំផាត់សណ្ដាយ និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឱ្យបានជាប្រចាំដើម្បីឱ្យផលត្រីរបស់យើងសម្បូរឡើងវិញសម្រាប់បម្រើសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈនិងភេសជ្ជៈមួយចំនួនឧបត្ថម្ភជូនដល់កងកម្លាំងចម្រុះ រួមជាមួយកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីសកម្មភាពការងារឱ្យដូចភ្លៀងរលឹម ដើម្បីសង្គមជាតិនិងប្រជាជនកម្ពុជា៕

ដោយ ស៊ុម វណ្ណា





