វគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់ និងកំណត់អត្តសញ្ញាណជនរងគ្រោះ
AKP កំពង់ធំ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធី ស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់ និងកំណត់អត្តសញ្ញាណជនរងគ្រោះ ដល់សិក្ខាកាមជាមន្ត្រីនគរបាលជាតិប្រមាណជិត២០០នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តបានរាយការណ៍អំពីស្ថានភាពលក្ខណៈភូមិសាស្ត្រខេត្តកិច្ចការងារ ការពារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមព្រមទាំងរចនាសម្ព័ន្ធ ស្ថានភាពកងកម្លាំងនគរបាលខេត្តកំពង់ធំព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមប្រធានគណៈអធិបតីដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបើកវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញ រយៈពេលខ្លីស្ដីពី នីតិវិធីស៊ើបអង្កេត ករណីជួញដូរមនុស្សគ្រប់ទម្រង់និងកំណត់អត្តសញ្ញាណជនរងគ្រោះដល់សិក្ខាកាម ជាមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនាឱកាសនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះបងប្អូនកងកម្លាំងដែលកំពង់អនុវត្តតួនាទីភារកិច្ចយ៉ាងសស្រាក់សស្រាំតាមគោលដៅសំខាន់ៗទូទាំងខេត្ដសំដៅ បង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទធានា សន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណ:ជូនប្រជាពលរដ្ឋ។

ឯកឧត្តមក៏បានផ្ដាំផ្ញើដល់សិក្ខាកាមត្រូវខិតខំយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់ កត់ត្រា និងសាកសួរនូវចំណុចទាំងឡាយដែលមិនទាន់បានយល់ច្បាស់ ចូលរួមឱ្យបានផុសផុលដើម្បីទទួលយកចំណេះដឹងល្អៗ បទពិសោធន៍ថ្មី យកទៅលើអនុវត្តភារកិច្ច ជាប្រចាំថ្ងៃសម្រេចបានជោគជ័យជូនថ្នាក់ដឹកនាំ អង្គភាព និងប្រទេសជាតិ។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលមានរយៈពេល០២ថ្ងៃ (២៥-២៦ ខែកញ្ញា ឆ្នាំ២០២៥) ដែលមានសិក្ខាកាមចំនួន១៥៤រូប (ស្រី២៣រូប) មកពីការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល។គ្រូឧទ្ទេសនាមបានលើកយកមេរៀនចំនួន០៤ សំខាន់ៗ រួមមាន៖ ១. ការស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់។ ២.ច្បាប់អន្តរជាតិស្តីពីការទប់ស្កាត់ ការបង្រា្កប និងផ្ដន្ទាទោសការជួញដូរមនុស្សជាពិសេសស្ត្រីនិងកុមារ។ ៣.ការកំណត់អត្ដសញ្ញាណជនរងគ្រោះនិង៤.នីតិវិធីស៊ើបអង្កេតស្រាវជ្រាវប្រមូលភស្តុតាង ក្នុងរឿងក្តីជួញដូរមនុស្ស៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ)





