ព្រះចៅអធិការវត្តអូរត្រេះបានឧបត្ថម្ភគ្រឿងទេយ្យទាន និងថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត
AKP ព្រះសីហនុ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥--
ព្រះគ្រូឆន្ទវិសុទ្ធិ មាស សុផល ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះបាឡាត់គណៈខេត្តព្រះសីហនុ និងជាព្រះចៅអធិការវត្តអូរត្រេះ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឧបត្ថម្ភទេយ្យទាន និងបច្ច័យដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីយកទៅប្រើប្រាស់ជួយដល់ជនទុរគត ជនក្រីក្រ ជនចាស់ជរា និងកុមារកំព្រា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

លោក សែជូ សិទ្ធិជោតិ លេខាធិកាគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ តំណាង ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ព្រះគ្រូឆន្ទវិសុទ្ធិ មាស សុផល ក៏ដូចជាព្រះសង្ឃគ្រប់អង្គក្នុងវត្តអូរត្រេះ ដែលបានឧបត្ថម្ភទេយ្យទាន និងថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដែលសរបញ្ជាក់ពីការយកចិត្តទុកដាក់រវាងវិស័យពុទ្ធចក្រ និងអាណាចក្រនៅជាមួយគ្នា និងបានចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ហើយទេយ្យទានទាំងអស់នេះ សាខានឹងយកទៅធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រក្នុងខេត្តព្រះសីហនុនៅពេលខាងមុខ។

សូមជម្រាបជូនថា សម្ភារដែលព្រះចៅអធិការវត្តអូរត្រេះឧបត្ថម្ភដល់សាខារួមមាន អង្ករ១តោន សម្ភារផ្ទះបាយ១២ឈុត មី២០កេស ទឹកសុទ្ធ៤០យួរ ទឹកផ្លែឈើ២០កេស ទឹកត្រី១៤យួរ ទឹកស៊ីអ៊ីវ១៤យួរ ស្ករស៣០គីឡូ ប្រេងឆា២៩លីត្រ ដោះគោខាប់២០កំប៉ុង និងបច្ច័យចំនួន២លានរៀល៕
ដោយ ងូ សុមុនី





