សម្ដេចតេជោ ហ៊ុន សែន លើកឡើងកែតម្រូវ ការបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារលើរូបសម្ដេចកាលពី២៧ឆ្នាំមុន នៅទីរួមខេត្តសៀមរាប
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងកែតម្រូវ ការបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារលើរូបសម្ដេចកាលពី២៧ឆ្នាំមុន នៅទីរួមខេត្តសៀមរាប(២៤កញ្ញា១៩៩៨-២៤កញ្ញា២០២៥)។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ម្សិលមិញខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំ ថ្ងៃ២៤កញ្ញា១៩៩៨នៅទីរួមខេត្តសៀម រាប។ ខ្ញុំគិតថាអត្ថបទនេះមានកំហុសត្រង់ចំណុច(ប្រសិនខ្ញុំស្លាប់ ឬរបួស ប្រទេសកម្ពុជា យើងនឹងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃឡើយ ព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយ)។ សម្ដេចតេជោបន្តថា ការសរសេរបែបនេះ គឺជាកំហុសដែលមើលឃើញតែមួយជ្រុងនៃតួនាទីរបស់ខ្ញុំ ដោយមិនបានគិតដល់កត្តាដទៃទៀត។ ពេលនេះខ្ញុំសូមផ្តល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់របស់ខ្ញុំ។ ១.ក្រោយការស្លាប់របស់ខ្ញុំការបង្ហូរឈាមមួយកើតឡើងភ្លាម ដែលធ្វើឱ្យមនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្តសៀមរាប។ ២.គ្រប់គ្រងសភាពការបានរដ្ឋសភាដំណើរការប្រជុំធម្មតា និងឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មីឬត្រូវជាប់គាំងបង្កើតរាជរដ្ឋាភិបាលមិនបាន។ ៣.ប្រទេសបន្តសង្គ្រាមដោយបែងចែកជាតំបន់ត្រួតត្រា២ ម្ខាងរាជរដ្ឋាភិបាលនិងម្ខាងទៀតខ្មែរក្រហម។ ៤.មានអ្នកដឹកនាំនយោបាយឆ្នើមរកការស្រុះស្រួលផ្ទៃក្នុងផង និងរកវិធីបញ្ចប់សង្គ្រាមបានផង។
សម្តេចតេជោបានបន្ថែមថា តាមរយៈការស្រុះស្រួលនេះសន្តិភាពកើតមាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដែលល្អលើសហ៊ុន សែនច្រើនដង។ នៅមានកត្តាច្រើនទៀតដែលខ្ញុំសូមមិនលើកឡើង ទុកជូនបងប្អូនវាយតម្លៃខ្លួនឯង៕
ដោយ៖ ជឹម ណារី





