អនុប្រធានអង្គការ CI ទទួលជួបប្រជុំការងារឯកឧត្តម អ៊ាង សុផល្លែត នៅបុរីញូយ៉ក សហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបប្រជុំការងារជាមួយលោកស្រី Patricia Zurita ប្រធានផ្នែកភាពជាដៃគូ និងជាអនុប្រធានអង្គការអភិរក្សអន្តរជាតិ (អង្គការ CI ) និងក្រុមការងារ នៅបុរីញូយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីកិច្ចសហការលើការគ្រប់គ្រងធនធានធម្មជាតិ នៅក្រោមផែនការជាតិរួមចំណែកនឹងការឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC3.0) ដោយផ្តោតលើការពង្រីកផ្ទៃដីព្រៃឈើ និងការកៀរគរធនធាននៅក្រោម Forest & Climate Leaders’ Partnership (FCLP)។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីជំរុញឱ្យមានការអនុវត្តសកម្មភាពជាក់ស្តែង លើការកាត់បន្ថយការបញ្ជេញឧស្ម័នផ្ទះកញ្ចក់។ រីឯសហការីអង្គការ CI ក៏បង្ហាញដែរពីឆន្ទៈត្រៀមខ្លួនរួចរាល់ ក្នុងការចូលរួមសហការអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព ស្របតាមគោលដៅដែលបានកំណត់។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងកិច្ចសហការគ្នាទាញយកថវិកានៅក្រោមយន្តការ FCLP ដើម្បីការអភិរក្ស និងកិច្ចការពារព្រៃឈើក្នុងគោលបំណងបង្កើនអាងស្តុកកាបូនព្រៃឈើ និងឈានទៅរកប្រទេសមានអព្យាក្រិតកាបូននៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា ជំនួបនេះធ្វើឡើងក្នុងអំឡុងសប្តាហ៍មហាសន្និបាតអង្គការសហប្រជាជាតិ និងសប្តាហ៍អាកាសធាតុ NYC ដែលមេដឹកនាំពិភពលោក និងដៃគូប្រជុំពិភាក្សាដើម្បីជំរុញការប្តេជ្ញាចិត្តក្នុងកិច្ចការងារអាកាសធាតុ និងការស្តារធម្មជាតិ៕


ដោយ ណយ នឿន (ប្រភព៖ Cl)





