រយៈពេល០៣ថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌខេត្តកំពង់ធំទទួលភ្ញៀវទេសចរចូលលេងកម្សាន្តជាង៥៧០០០នាក់
AKP កំពង់ធំ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥-- លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ថា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅខេត្តកំពង់ធំទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានចូលលេងកម្សាន្តចំនួន៥៧៣៣៩នាក់។

លោក សេង អាន បានឱ្យដឹងថា ភ្ញៀវទេសចរនោះមានភ្ញៀវទេសចរក្នុង និងក្រៅខេត្តមកលេងលំហែអារម្មណ៍នៅតាមរមណីយដ្ឋានសំខាន់ៗ និងនៅតាមវត្តអារាមនានាក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន៥៧១៣៣នាក់ និងភ្ញៀវអន្តរជាតិមានចំនួន២០៦នាក់។ ក្នុងចំណោមភ្ញៀវទេសចរខាងលើនេះ បើប្រៀបទៅធៀបនឹងឆ្នាំ២០២៤គឺភ្ញៀវជាតិមានការកើនឡើងចំនួន៦៨,៩៣ភាគរយចំណែកកភ្ញៀវបរទេសកើនឡើង២០៧ភាគរយ។

នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំមានរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរសំខាន់ៗជាច្រើនកន្លែងរួមមាន៖ រមណីយដ្ឋានប្រវត្តិសាស្រ្តប្រាសាទគុកនគរ រមណីយដ្ឋានបេតិកភណ្ឌភណ្ឌពិភពលោកតំបន់ប្រាសាទសំបូរព្រៃគុក រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិភ្នំសន្ទុករមណីយដ្ឋានធ្នស់តាព្រហ្ម រមណីយដ្ឋានស្ទឹងជីនិត រមណីយដ្ឋានទំនប់បង្ហៀរទឹក០៦មករា រមណីយដ្ឋានបឹងក្រញ៉ាករមណីយដ្ឋានបឹងសំរឹត រមណីយដ្ឋានកែងគោលស្រុកស្ទោង ស្ទឹងម្រាកនិងតំបន់ទេសចរជាច្រើនទៀត៕


ដោយ ស៊ុម វណ្ណា





