សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីការបាញ់ប្រហារលើរូបសម្ដេចកាលពី២៧ឆ្នាំមុន នៅទីរួមខេត្តសៀមរាប
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកពីការបាញ់ប្រហារលើរូបសម្ដេចកាលពី២៧ឆ្នាំមុន នៅទីរួមខេត្តសៀមរាប (២៤កញ្ញា១៩៩៨-២៤កញ្ញា២០២៥)។

នៅលើបណ្ដាញទំនាក់ទំនងសង្គម ព្រលប់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា ថ្ងៃ២៤កញ្ញា២០២៥នេះជាខួបលើកទី២៧ឆ្នាំនៃការបាញ់ប្រហារ ដើម្បីសម្លាប់ខ្ញុំ នៅទីរួមខេត្តសៀមរាប (២៤កញ្ញា១៩៩៨-២៤កញ្ញា២០២៥)។ ជាសំណាងល្អខ្ញុំមិនមានគ្រោះថ្នាក់ និងបន្តនៅជាមួយប្រជាជនដើម្បីបន្តអនុវត្តនយោបាយឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ សម្ដេចតេជោបានបញ្ជាក់ថា៖ « ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវនាព្រឹកថ្ងៃ២៤កញ្ញា១៩៩៨ទេ តែខ្ញុំគួរតែបញ្ជាក់ថាប្រសិនពេលនោះខ្ញុំស្លាប់ ឬត្រូវរបួស ប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ ព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយ និងប្រសិនបើខ្ញុំត្រឹមត្រូវរបួស ក៏ទីរួមខេត្តសៀមរាបនិងមានអ្នកនយោបាយជាច្រើននិងត្រូវស្លាប់»។

សម្ដេចតេជោបានបន្ថែមថា គិតពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ មកដល់ពេលនេះ ខ្ញុំរស់បាន២៧ឆ្នាំរួចមកហើយ និងសង្ឃឹមថា នឹងរស់បានតិចបំផុត២៧ឆ្នាំបន្តទៀត។ សម្តេចតេជោក៏សូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង៤០ឆ្នាំនិងក្រោម៥០ឆ្នាំ៕


ដោយ៖ ជឹម ណារី





