មជ្ឈមណ្ឌល ACCB បង្ហាញប្រភេទសត្វកម្រ ដែលអាចរស់នៅបានទាំងក្នុងទឹក និងលើគោក
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥-- នេះជាប្រភេទសត្វដ៏កម្រមួយ ដែលពួកវាមិនមែនជាពស់ ហើយក៏មិនមែនជាដង្កូវនោះទេ ប៉ុន្តែជាប្រភេទសត្វនៃពពួកថលជលិក (សត្វដែលអាចរស់នៅក្នុងទឹកនិងលើគោកបាន) ដែលត្រូវបានគេស្គាល់ថា ស៊ីស៊ីលៀន។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)បានឱ្យដឹងថា វាជាប្រភេទសត្វមានតែពីរប្រភេទប៉ុណ្ណោះដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសកម្ពុជាយើង ហើយពួកវាទៀតសោតពិតជាកម្ររកឃើញណាស់ ដោយសារតែពួកវាចំណាយពេលភាគច្រើននៃជីវិតរបស់ពួកវានៅក្រោមដី ជាកន្លែងដែលពួកវារកស៊ីដង្កូវ ឬក៏ជន្លេន និងសត្វល្អិតផ្សេងៗទៀតជាចំណី។
មជ្ឈមណ្ឌល ACCB បានឱ្យដឹងបន្ថែមថា ពួកវាចេញមកខាងក្រៅលើដីម្តងម្កាល ប្រហែលជាស្វែងរកគូ ឬរកទីជម្រកល្អជាងមុន ហើយក៏ចេញនៅតែពេលយប់មានភ្លៀងធ្លាក់តែប៉ុណ្ណោះ។
គួរបញ្ជាក់ថាសត្វប្រភេទនេះស្បែករបស់ពួកវាត្រូវរក្សាសំណើមជានិច្ចដើម្បីឱ្យពួកវាដកដង្ហើមបាន ពោលគីពួកវាជាសត្វដែលអាចដកដង្ហើមតាមស្បែកបាន! ពួកយើងនឹងរង់ចាំមើលពពួកសត្វដ៏គួរឱ្យចាប់អារម្មណ៍ទាំងនេះបន្ថែមទៀតនាពេលអនាគត៕
ដោយ៖ មករា





