រដ្ឋបាលខេត្តព្រះសីហនុ វាយគង និងដាក់ក្រពុំឈូក ដើម្បីអបអរសាទរខួប៣២ឆ្នាំនៃទិវាប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ (២៤ កញ្ញា ឆ្នាំ១៩៩៣ - ២៤ កញ្ញា ឆ្នាំ២០២៥)
AKP ព្រះសីហនុ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥--
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោក ស្រីជាអភិបាល អភិបាលរងក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ អញ្ជើញវាយគង ដាក់ក្រពុំឈូក ដើម្បីអបអរសាទរខួប ៣២ឆ្នាំ នៃទិវាប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ (២៤ កញ្ញា ឆ្នាំ១៩៩៣ - ២៤ កញ្ញា ឆ្នាំ២០២៥) នៅវេទិកាបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ នារសៀលថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ ហើយនៅថ្ងៃទី២៤ ខែកញ្ញានេះ គឺជាខួបលើកទី៣២ឆ្នាំ ដែលកម្ពុជា បានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤កញ្ញា ឆ្នាំ១៩៩៣ - ២៤ កញ្ញា ឆ្នាំ២០២៥)។ ដោយផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជា ជាប្រវត្តិសាស្ត្របន្ទាប់មកនៅថ្ងៃទី២៣ - ២៨ ខែឧសភា ប្រទេសកម្ពុជា បានរៀបចំការ បោះឆ្នោតជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ក្រោយពីការបោះឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសា ស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ។ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទ ទេវាវិនិច្ឆ័យនៅក្នុងព្រះបរមរាជវាំង ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។ ថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ហើយមកដល់ឆ្នាំ២០២៥ គឺរដ្ឋធម្មនុញ្ញកម្ពុជាមានអាយុកាល ៣២ឆ្នាំ។ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។
តាមសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នា គឺ ១. អំណាចនីតិប្បញ្ញត្តិ ២. នីតិប្រតិបត្តិ ៣. តុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជា ពលរដ្ឋ និងគោលការណ៍នីតិរដ្ឋជាដើមផងដែរ ទន្ទឹមនោះក៏បានធ្វើការគោរពវិញ្ញាណក្ខនវីរកងទ័ពដែលបានបូជាជីវិត ក្នុងបុព្វហេតុការពារទឹកដី ជាតិ និងមាតុភូមិកម្ពុជា ពីការឈ្លានពានរបស់ថៃផងដែរ៕
ដោយ ងូ សុមុនី





