ជំនួបពិភាក្សាការងារលើការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និងទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥--
ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវិស័យឯកជន ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយឯកឧត្តម HIROSAWA Ichiro អភិបាលក្រុងណាហ្គូយ៉ាអំពីការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសកម្ពុជា និងទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន នៅសាលាក្រុងណាហ្គូយ៉ា។

ក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កាភាគីទាំងពីរមានទស្សនៈរួមគ្នាថាទាំងប្រទេសកម្ពុជា និងទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន សុទ្ធតែមានបេតិកភណ្ឌពិភពលោកដូចគ្នា ព្រមទាំងមានសក្តានុពលទេសចរណ៍ ជាមួយនឹងទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុនជាង៧០ឆ្នាំ ហើយដែលត្រូវបានដំឡើងកម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ គឺពិតជាកត្តាជំរុញការបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដល់ប្រជាជន នៃគោលដៅទេសចរណ៍ទាំងពីរឱ្យមានកំណើនការធ្វើទេសចរណ៍កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

សូមជម្រាបជូនថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនអញ្ជើញទៅទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន ដើម្បីចូលរួមពិព័រណ៍ទេសចរណ៍ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តីនៃពិព័រណ៍ទេសចរណ៍នៅប្រទេសជប៉ុន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀតដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងទេសចរណ៍)





