លោកជំទាវ ចម និម្មល ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៧ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥-- លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៧ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។


កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានប្តូរវេនរបស់ប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៥ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួននៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន រួមមាន សមិទ្ធផលអាទិភាពសេដ្ឋកិច្ចឆ្នាំ២០២៥ ការងារអាទិភាពប្រចាំឆ្នាំ ផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៦-២០៣០ បច្ចុប្បន្នភាពនៃការចុះហត្ថលេខា និងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាក់ព័ន្ធក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន វឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ ព្រមទាំងកិច្ចពិភាក្សាផ្ទៃក្នុងអាស៊ានត្រៀមសម្រាប់កិច្ចការពិគ្រោះយោបល់ជាមួយដៃគូសន្ទនាអាស៊ាន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងពាណិជ្ជកម្ម)





