មន្ត្រីជាន់ខ្ពស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បង្ហាញភាពរីករាយក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ
AKP ភ្នំពេញថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៥– មន្ត្រីជាន់ខ្ពស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បង្ហាញភាពរីករាយដោយបានចូលរួមក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដើម្បីស្វែងយល់បន្ថែមអំពីប្រពៃណីដ៏សំខាន់មួយនេះ។

លោក Christof Weigelmeier អនុប្រធានបេសកកម្មថ្មីនៃស្ថានទូតអាល្លឺម៉ង់ និងជាប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រចាំស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាបានថ្លែងថា លោកបានមកដល់ប្រទេសកម្ពុជានៅមុនពិធីបុណ្យភ្ជុំបិណ្ឌ ហើយលោកបានចូលរួមជាមួយក្រុមការងារស្ថានទូតអាល្លឺម៉ង់ទៅវត្តមួយក្នុងប្រទេសកម្ពុជានាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដើម្បីស្វែងយល់បន្ថែមអំពីប្រពៃណីដ៏សំខាន់មួយនេះ។

លោក Christof Weigelmeier បានរៀបរាប់ថា ប្រទេសអាល្លឺម៉ង់ និងប្រទេសកម្ពុជាមានប្រវត្តិជាដៃគូសហការ និងជាមិត្តយូរអង្វែង ជាពិសេសនៅក្នុងវិស័យគាំពារសង្គម អភិបាលកិច្ចល្អ និងការអភិវឌ្ឍវិស័យឯកជន។ លោកថា លោកមានសំណាងដែលបានមកដល់ប្រទេសកម្ពុជាក្នុងពេលមុនបុណ្យភ្ជុំបិណ្ឌ ជាពេលវេលាមួយដែលគ្រួសារខ្មែរជួបជុំគ្នាដើម្បីគោរពដល់សាច់ញាតិដែលបានចែកឋាន។ លោក និងបុគ្គលិកស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាបានទៅវត្តជាមួយគ្នា ពេលដែលលោកបានទៅដល់វត្តលោកពិតជាទទួលបានអារម្មណ៍កក់ក្តៅនឹងជំនឿសាសនានៃប្រពៃណីវប្បធម៌ខ្មែរ។

មន្ត្រីជាន់ខ្ពស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជារូបនេះបានលើកឡើងថា ក្នុងដំណាក់កាលថ្មីមួយនៃជីវិតរបស់លោកនាពេលនេះ លោករំពឹងថានឹងបានរៀនសូត្របន្ថែមពីប្រទេសកម្ពុជា ប្រជាពលរដ្ឋ និងវប្បធម៌ខ្មែរច្រើនជាងនេះទៀត។ លោកសូមជូនពរពិធីបុណ្យភ្ជុំបិណ្ឌដ៏មានន័យទៅកាន់អ្នកទាំងអស់គ្នា៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងទេសចរណ៍)





