ខេត្តកំពង់ឆ្នាំង បុណ្យភ្ជុំបិណ្ឌឆ្នាំនេះនៅតាមទីអារាម និងគោលដៅទេសចរណ៍មានភ្ញៀវកើនឡើង
AKP កំពង់ឆ្នាំង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ក្នុងឱកាសឆ្លងបុណ្យភ្ជុំបិណ្ឌថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅវត្តនៅវត្តបល្ល័ង្ក ស្ថិតនៅភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនេះថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ ក្នុងវិស័យព្រះពុទ្ធសាសនា កសាងស្ដារឡើងវិញហេដ្ឋារចនាសម្ព័ន្ធនានា និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ប្រជាពលរដ្ឋមានសិទ្ធិធ្វើបុណ្យទានគ្រប់ៗគ្នា និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើងថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា ក្នុងឱកាសបុណ្យភ្ជុំឆ្នាំនេះ នៅក្នុងខេត្តកំពង់ឆ្នាំង គេសង្កេតឃើញនៅតាមមន្ទីរអង្គភាព ជុំវិញខេត្ត ពិសេសក្នុងក្រុងកំពង់ឆ្នាំង ក៏ដូចជានៅតាមបណ្ដាទីវត្តអារាមនានា សហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ជាច្រើន រួមទាំងទីកន្លែងសប្បាយផ្សេងៗ នៅតាមមូលដ្ឋានជាច្រើនទៀតទូទាំងខេត្តកំពង់ឆ្នាំង បាននឹងកំពុង រំលេចទៅដោយផ្កាភ្ញី ភ្លើងពណ៌ផ្សេងៗទាំងការសម្អាតបរិស្ថាន និងអនាម័យ ប្រកបទៅដោយសោភណភាពល្អ និងជាកន្លែងលេងកម្សាន្តដែលមើលទៅគួរឱ្យជាទីគយគន់ និងបង្កភាពសប្បាយរីករាយ ក្នុងឱកាសការឈប់សម្រាករយៈពេល៣ថ្ងៃ ក្នុងនោះក៏មានមានរមណីយដ្ឋានវប្បធម៌ និងធម្មជាតិចំនួន ២៤កន្លែងផងដែរ។ ដោយឡែកនៅតាមបណ្ដាតំបន់ទេសចរណ៍ ទីរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ជាច្រើនកន្លែងទៀត នៅតាមបណ្ដាស្រុកទូទាំងខេត្ត និងនៅតាមទីវត្តអារាមនានា ក៏បានរៀបចំតុបតែង ដើម្បីត្រៀមក្នុងពិធីបុណ្យភ្ជំ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវមកចូលរួមឧទ្ទិសបុណ្យកុសលផ ងនិងជួបជុំញាតិការផង។

ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវដល់មន្ត្រីសុខាភិបាល ត្រូវតែត្រៀមលក្ខណៈជាប់ជាប្រចាំចំពោះការថែទាំ ព្យាបាលអ្នកជំងឺ និងការជួយសង្គ្រោះបន្ទាន់ នៅគ្រប់មណ្ឌលសុខភាព។ ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នចំពោះចំណីអាហារ គឺការលក់ដូរ និងការទទួលទានចំណីអាហារ ត្រូវតែមានអនាម័យ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលពិសាស្រាស មិនត្រូវលាយជាមួយភេសជ្ជៈផ្សេងៗ ដែលអាចធ្វើឱ្យពុល ឬក៏មានការរាគរូសដោយប្រការណាមួយ។

ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងទៀតថាឆ្នាំនេះមានការកើនឡើងនូវភ្ញៀវទេសចរជាងឆ្នាំមុនៗ ដោយមានចំនួន៦៨,៣២២នាក់មកលេងកម្សាន្ត និងចូលរួមធ្វើបុណ្យទានតាមវត្តអារាមនានានៃស្រុកកំណើតរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត លោកជំទាវ និងមន្ត្រីអមដំណើរ បានចូលបច្ច័យកសាង ៥០០ដុល្លា, ជូនយាយជីតាជី១០០នាក់ ម្នាក់ៗថវិកា ២០,០០០រៀល, កងកម្លាំងការពារ ២០នាក់ ម្នាក់ៗថវិកា ២០,០០០រៀលផងដែរ៕
ដោយ បៃ ស៊ីថុន





