ឯកឧត្តម ហាប់ ទូច អញ្ជើញសម្ពោធការិយាល័យថ្មីរបស់គណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី នៅទីក្រុងហ្វូចូវ
AKP ភ្នំេពញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥-- នៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ មានការរៀបចំកម្មវិធីសម្ពោធការិយាល័យថ្មីរបស់គណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី ក្រោមអធិបតីរបស់ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ និងមានវត្តមានដ៏ខ្ពងខ្ពស់របស់ព្រះនាង ជេនណា នរោត្តម និងការចូលរួមពីលោក Zhang Yan សមាជិកនៃគណៈកម្មាធិការបក្សខេត្តហ្វូចៀននិងជាប្រធានគណៈកម្មការនៃនាយកដ្ឋានឃោសនាការខេត្តហ្វូចៀន លោក Huang Jianxiong សមាជិកនៃគណៈកម្មាធិកាបក្សទីក្រុងហ្វូចូវ និងជាប្រធានគណៈកម្មការនៃនាយកដ្ឋានឃោសនាការទីក្រុងហ្វូចូវ លោក Wang Jiannan អនុប្រធាននាយកដ្ឋានឃោសនាការនៃគណៈកម្មាធិការបក្សខេត្តហ្វូចៀននិងជាប្រធានការិយាល័យភាពយន្តប្រចាំខេត្តហ្វូចៀន លោកស្រី Hong Li នាយិកាគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ីផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងថា ឈរលើមូលដ្ឋាននៃទំនាក់ទំនងជាប្រវត្តិសាស្រ្ត ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរួមគ្នាប្រឹងប្រែងពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀតជាលំដាប់លើគ្រប់វិស័យរហូតឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រោងជ្រោយ។ ទន្ទឹមនឹងនេះ ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ ប្រទេសយើងទាំងពីរបានបន្តប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើនទៀត ក្នុងនោះ វិស័យវប្បធម៌ក៏ត្រូវបានលើកកម្ពស់ ដែលរួមចំណែកដ៏សំខាន់ ជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាង សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ឯកឧត្តម សង្ឃឹមថា ភាពជាដៃគូដែលបានបង្កើតឡើងនៅទីនេះ នឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការ ការផ្លាស់ប្តូរវប្បធម៌ និងការចែករំលែកភាពច្នៃប្រតិដ្ឋរួមគ្នា នៅក្នុងឧស្សាហកម្មភាពយន្ត នាពេលអនាគត ដើម្បីរួមចំណែកដល់ការលើកកម្ពស់កំណើនប្រកបដោយនិរន្តរភាពនៃវិស័យភាពយន្ត និងរក្សាបាននូវភាពសំបូរបែបនៃបេតិកភណ្ឌវប្បធម៌របស់យើង។

បន្ថែមពីលើការអបអរសាទរចំពោះការសម្ពោធការិយាល័យថ្មីរបស់CAFF ឯកឧត្តមក៏បានរំឰកផងដែរថា ចាប់តាំងពីឆ្នាំ២០១៩មក មហោស្រពភាពយន្តកម្ពុជា-អាស៊ី ដែលជាបុត្រសម្ព័ន្ធនៃមហោស្រពភាពយន្តអន្តរជាតិវិថីសូត្រ បានចាប់ផ្តើមបេសកកម្មរបស់ខ្លួន តាមរយៈកិច្ចសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ក្នុងការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី បានចំនួន៣លើក និងសប្ដាហ៍ភាពយន្តចំនួន៥លើក។ សមិទ្ធផលដ៏សំខាន់មួយទៀត គឺបានសម្របសម្រួលក្នុងការចុះ អនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា និងរដ្ឋបាលភាពយន្តចិន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្ត កាលពីខែមេសា ឆ្នាំ២០២៥។

ឯកឧត្តមក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការប្រគល់លិខិតទទួលស្គាល់ជាផ្លូវការ លោកស្រី HongLi ជាទីប្រឹក្សានាយកដ្ឋានសិល្បៈភាពយន្ដនិងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





