បទអត្ថាធិប្បាយ៖ សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ! សូមព្រលឹងបុព្វការី តាមថែរក្សាប្រទេសកម្ពុជា និងបញ្ចៀសអរិភាពព្រំដែនដោយសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥--ថ្ងៃនេះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសបាននិងកំពុងតែនាំគ្នារៀបចំចូលរួមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជននានា ដែលបានចែកឋានទៅ នៅតាមទីវត្តអារាមនានា ហើយក៏ជាថ្ងៃដែលក្នុងក្រុមគ្រួសារបានជួបជុំគ្នា តាមស្រុកតាមភូមិរៀងៗខ្លួន ប៉ុន្តែនៅឆ្នាំនេះ យើងកុំភ្លេចអធិដ្ឋានសុំសុខសន្តិភាព និងសេចក្តីស្ងប់សុខនៅតាមតំបន់ព្រំដែនដែលកំពុងតែមានអរិភាព។

នៅពេលដែលបងប្អូនយកចំណីចំណុកទៅជូនព្រះរស់នៅក្នុងផ្ទះ ក៏ដូចជាចង្ហាន់ទៅបង្សុកូលឧទ្ទិសកុសលជូនញាតិកាដែលបានចែកឋានទៅនៅតាមវត្តអារាមជាមួយនឹងព្រះសង្ឃ និងចូលរួមពិធីសាសនានានា សូមកុំភ្លេចអធិដ្ឋាន ជាពិសេសរំលឹកដឹងគុណដល់បងប្អូនវីរកងទ័ព ដែលបានពលីនៅក្នុងការប៉ះទង្គិចនៅព្រំដែនជាមួយនឹងប្រទេសថៃកាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងអរិភាព ជាបន្តបន្ទាប់ដែលបាននិងកំពុងតែកើតមាន នៅតាមបណ្តោយព្រំដែនឲ្យឈានទៅរកដំណោះស្រាយដោយសន្តិវិធី និងសន្តិភាព ។
ក្នុងពេលដែលយើងទាំងអស់គ្នាដែលកំពុងតែរស់នៅផ្នែកផ្សេងៗនៃផ្ទៃប្រទេស បានឈប់សម្រាកដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនដែលរស់នៅតាមខ្សែបន្ទាត់ជួរមុខ ជាពិសេសតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅក្នុងខេត្ត៧ រួមមានខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ជាពិសេសបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ និងកងកម្លាំង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបាន និងកំពុងតែតស៊ូនឹងការគំរាមកំហែងពីសំណាក់ភាគីថៃ ដែលមានចេតនាប្រើប្រាស់ច្បាប់នៅក្នុងស្រុករបស់ខ្លួន មកលើប្រជាពលរដ្ឋកម្ពុជានៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ និងកងកម្លាំង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ បានរងគ្រោះរួចមកហើយដោយកងកម្លាំងសន្តិសុខថៃបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និងឧបករណ៍បំពងសម្លេងហ្វ្រេកង់ខ្ពស់ ដែលបង្ករបួសធ្ងន់ស្រាលដល់ប្រជាជនស៊ីវិល ព្រះសង្ឃ និងវីរកងទ័ពកម្ពុជាប្រមាណ ៣០នាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។
នៅក្នុងថ្ងៃអនុមោទនាឆ្លងពិធីបុណ្យភ្ជុំបិណ្ឌនេះ សូមឲ្យព្រលឹងដូនតា បុព្វបុរសខ្មែរទាំងអស់ ការពារប្រទេសជាតិ និងផ្តល់នូវសេចក្តីក្លាហានឲ្យយើងទាំងអស់គ្នាអាចហែលឆ្លងនៅអរិភាពនេះឈានទៅបញ្ចប់បញ្ហាដោយសន្តិភាពដើម្បីបន្តដំណើរអភិវឌ្ឍន៍ និងកសាងជាតិបន្តទៅអនាគតយូរអង្វែងតទៅមុខទៀត។
សូមបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់យកឱកាសនេះ ជាថ្ងៃពង្រឹងជំហរ និងស្មារតីជាតិនិយមឲ្យកាន់តែរឹងមាំបន្ថែមទៀត ហើយជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាដែលបាននិងកំពុងតែប្រើប្រាស់នូវយន្តការការទូតច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីបញ្ចៀសការពលី និងគ្រោះថ្នាក់ ដល់ភាគីទាំងសងខាង។
នៅពេលដែលជាតិកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបនេះ នៅក្នុងកាលៈទេសៈនេះ ចូរយើងទាំងអស់គ្នា ចូលរួម និងរៀបចំពិធីបុណ្យតាមប្រពៃណីដោយស្មារតីជាតិនិយមខ្ពស់ ដោយធ្វើដំណើរទៅធ្វើបុណ្យទានដោយស្មារតីប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវ។ រាល់សកម្មភាព និង ទង្វើនានា គួរនឹកដល់បងប្អូនកងកម្លាំងដែលកំពុងតែប្រចាំការនៅតាមខ្សែបណ្តោយព្រំដែន ក៏ដូចជាព្រះសង្ឃដែលកំពុងគង់នៅវត្ត និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់ដែលកំពុងតែមានអរិយភាព។
សូមបងប្អូនប្រជាពលរដ្ឋបន្តរួបរួមគ្នាកសាងស្មារតីជាតិនិយមឲ្យបានខ្លាំងក្លា ហើយបន្តគាំទ្រតាមគ្រប់មធ្យោបាយ និងយន្តការនានា ក្រោមការគ្រប់គ្រង និងរៀបចំតម្រង់ទិសដោយរាជរដ្ឋាភិបាលកម្ពុជា ដែលនៅពេលនេះបាននិងកំពុងតែយកចិត្តទុកដាក់នៅក្នុងការបន្តតស៊ូធ្វើការដោយការអត់ធ្មត់ និងយុទ្ធសាស្រ្តដ៏ច្បាស់លាស់ តាមជំហាន ដែលមានចែងតាមច្បាប់ និងឯកសារគតិយុត្តទាំងអស់ទាំងជាតិ តំបន់ និងអន្តរជាតិ ដើម្បីដោះស្រាយបញ្ហា និងបញ្ចៀសការប៉ះទង្គិចដោយអាវុធ។

បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាគឺនៅតែបន្តអាចរីករាយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ប៉ុន្តែកុំភ្លេចរក្សាស្មារតីជាតិនិយម ហើយក៏កុំភ្លេចថា ជាតិ និងមាតុភូមិរបស់យើងបានកំពុងតែមានភាពតានតឹងនៅព្រំដែន ដូច្នេះសូមលើកកម្ពស់ការសប្បាយនាឱកាសនេះដោយការទទួលខុសត្រូវ និងម្ចាស់ការ និងរក្សារបៀបរៀបរយសង្គម ដើម្បីកុំឲ្យជាតិដែលកំពុងតែមានបញ្ហា មកឈឺក្បាលនឹងបញ្ហាផ្សេងៗ ដែលយើងអាចបង្កឡើងដោយអចេតនា ឫដោយឥរិយាបទដែលខ្វះការទទួលខុសត្រូវ។
សរុបមកវិញ នាឱកាសឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌនេះ យើងខ្ញុំសូមចូលរួមអនុមោទនាជាមួយនឹងបងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយក៏សូមយកឱកាសនេះគោរពជូនពរឲ្យបងប្អូនអាចជួបជុំបងប្អូនញាតិសន្តាន និងក្រុមគ្រួសារ។ យើងខ្ញុំសង្ឃឹមថា ក្រោយពីពិធីនេះបានបញ្ចប់ទៅ យើងនឹងអាចឃើញពន្លឺនៃសន្តិភាពនៅតាមព្រំដែនជាថ្មី ប៉ុន្តែទោះបីជាយ៉ាងណា យើងត្រូវតែយកចិត្តទុកដាក់ពង្រឹងខ្លួនយើងម្នាក់ៗឲ្យកាន់តែរឹងមាំ។ ប្រទេសយើងខ្លាំងបានគឺដោយសារយើងមានពលរដ្ឋដែលមានទំនួលខុសត្រូវ។ យើងម្នាក់ៗរឹងមាំ គ្រួសារក៏រឹងមាំ នោះសហគមន៍ក៏រឹងមាំ ហើយសង្គមក៏ដូចជាប្រទេសក៏កាន់តែរឹងមាំ ថែមទៀត៕
AKP





