ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ខេត្តព្រៃវែងស្ថិតក្នុងចំណាត់ថ្នាក់លេខរៀងទី៥ ទូទាំងប្រទេស ដែលមានភាគរយសិស្សប្រឡងជាប់ក្នុងអត្រាភាគរយខ្ពស់
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ -- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានចូលរួមអបអរសាទរចំពោះសិស្សានុសិស្សខេត្តព្រៃវែងក៏ដូចជាទូទាំងប្រទេស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដែលក្នុងនោះទូទាំងខេត្តព្រៃវែងមានបេក្ខជនប្រឡងជាប់សរុបចំនួន ៧ ៥៩៩នាក់ ស្មើនឹង ៨៦ភាគរយ នៃបេក្ខជនប្រឡងសរុបចំនួន ៩ ២០១នាក់ (ស្រី ៥ ១៤៣នាក់) ធ្វើឱ្យខេត្តព្រៃវែងស្ថិតក្នុងចំណាត់ថ្នាក់លេខរៀងទី៥ ទូទាំងប្រទេស ដែលមានភាគរយសិស្សប្រឡងជាប់ក្នុងអត្រាភាគរយខ្ពស់ ក្នុងនោះមានសិស្សប្រឡងជាប់និទ្ទេស A ចំនួន ១៥០នាក់។

ទន្ទឹមនឹងការចូលរួមអបអរសាទរចំពោះអ្នកជាប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានចូលរួមសោកស្តាយចំពោះអ្នកធ្លាក់ផងដែរ ដោយសូមលើកទឹកចិត្តឱ្យក្មួយៗខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីប្រឡងនៅឆ្នាំសិក្សាបន្ទាប់ ព្រមទាំងបានបញ្ជាក់ជូនក្មួយៗថា បើទោះបីជាក្មួយៗមិនបានប្រឡងជាប់ក្តី ក៏មិនមែនមានន័យថា ក្មួយៗមិនអាចទទួលជោគជ័យនៅក្នុងដំណើរជីវិតនោះដែរទេ។

ជាក់ស្តែងមានមនុស្សជាច្រើន ដែលបានសាងភាពល្បីល្បាញក៏ដូចជាកេរ្តិ៍ឈ្មោះទាំងដែលខ្លួនគេមិនបានប្រឡងជាប់។ ក្នុងន័យនេះ ឯកឧត្តមសូមលើកទឹកចិត្តឱ្យក្មួយៗ ដែលមិនបានប្រឡងជាប់ទាំងអស់ បើសិនជាមិនចង់សិក្សាឡើងវិញនៅថ្នាក់ទី១២ នៅឆ្នាំសិក្សាថ្មីខាងមុខនេះទេ ក្មួយៗអាចចុះឈ្មោះ ឬប្រឡងចូលរៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្សេងៗ ដែលមិនមានតម្រូវការសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬក៏ចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលបានរៀបចំតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬចូលរៀនថ្នាក់បរិញ្ញាបត្ររងនៅតាមគ្រឹះស្ថានសិក្សានានា និងចុះឈ្មោះជាសិស្សស្វ័យរិន ដើម្បីបន្តប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំបន្តបន្ទាប់ទៀតក៏បាន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





