អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើសារជូនពរបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ -- បុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីដ៏សំខាន់របស់ជាតិខ្មែរ បានមកដល់ជាថ្មីម្តងទៀត។ ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានផ្ញើសារជូនពរយ៉ាងជ្រាលជ្រៅទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត ព្រមទាំងក្រុមគ្រួសារទាំងអស់។

សារជូនពររបស់ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា គ្រប់រូបនឹងទទួលបាននូវ កម្លាំងខ្លាំងក្លា សុខភាពល្អបរិបូរណ៍ ប្រាជ្ញាវាងវៃ អាយុយឺនយូរ ហើយជាពិសេសសូមឱ្យឈ្នះនូវមារសត្រូវទាំងឡាយទាំងពួង។ នេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងក្តីស្រឡាញ់របស់ឯកឧត្តមចំពោះប្រជាពលរដ្ឋក្នុងខេត្ត។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្តម អភិបាលខេត្តក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគុណបុណ្យព្រះរតនត្រ័យ ជួយប្រសិទ្ធពរជ័យសិរីមង្គលមហាប្រសើរដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមឱ្យយជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរទៅកាន់ទីជិតឆ្ងាយក្នុងឱកាសបុណ្យនេះ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវ គោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់។ ការពាក់មួកសុវត្ថិភាពសម្រាប់អ្នកជិះម៉ូតូ និងការដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពសម្រាប់អ្នកជិះរថយន្ត គឺជាកត្តាចាំបាច់ដើម្បី បញ្ជៀសនូវបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិត ដែលអាចកើតឡើងជាយថាហេតុ។
សារជូនពរ និងការក្រើនរំឭករបស់ឯកឧត្តម អ៊ុំ រាត្រី មិនត្រឹមតែជាការបង្ហាញពីក្តីសោមនស្សក្នុងឱកាសបុណ្យប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបានឆ្លុះបញ្ចាំងពីការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរខេត្តក្នុងការរក្សាសុវត្ថិភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថាបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥៕
ដោយ ឈុន សារ៉ាត





