បទយកការណ៍៖ កងកម្លាំងសមត្ថកិច្ច ដាក់ពង្រាយ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ជូនពលរដ្ឋ ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ -- សម្រាប់ឆ្នាំនេះ គឺមិនខុសពីឆ្នាំមុនៗនោះទេ កងកម្លាំងមានសមត្ថកិច្ចតែងតែយកចិត្តទុកដាក់ និងចូលរួមការពារសន្តិសុខ រៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតមវត្តអារាម ទីប្រជុំជន និងតាមដងផ្លូវជាតិនៅទូទាំងប្រទេស។
ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ អគ្គស្នងការនគរបាលជាតិបានដាក់កងកម្លាំង ដើម្បីការពារ

សន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍រយៈពេល១៦ ថ្ងៃ នៅក្នុឱកាសបុណ្យដាក់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។
ជាមួយគ្នានេះ ក្នុងពេលដែលមានចរាចរណ៍មមាញឹកអ្នកប្រើប្រាស់ដងផ្លូវក៏ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ។

ជាការពិតណាស់ ក្នុងឱកាសនៃពិធីបុណ្យ ប្រពៃណីជាតិខ្មែរធំៗម្តងៗ ដូចជាបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ជាដើម យើងសង្កេតឃើញថា ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋបានធ្វើឱ្យចរាចរណ៍នៅលើដងផ្លូវ មានភាពមមាញឹកខ្លាំង។ ភាពមមាញឹកនេះគឺដោយសារតែបងប្អូនយើងបានធ្វើដំណើរទៅស្រុកកំណើត ជួបជុំក្រុមគ្រួសា ទៅធ្វើបុណ្យតាមទីវត្តអារាម ជិតឆ្ងាយនៅទូទាំងប្រទេស ដើម្បីធ្វើបុណ្យតាមទំនៀមទម្លាប់ ប្រពៃណីណីជាតិខ្មែរ និងសុំសេចក្តីសុខ សេចក្តីចម្រើនទៅតាមលំអានតាំងពីបុរាណ្យកាលមក ហើយអ្នកខ្លះក៏មានដំណើរកម្សាន្តទៅកាន់ទីកន្លែងនានា ដោយការប្រើប្រាស់ នូវមធ្យោបាយសម្រាប់ការធ្វើដំណើរផ្សេងៗគ្នា មានដូចជា រថយន្ត ម៉ូតូ រ៉ឺម៉កម៉ូតូ និងកង់បីឌាជាដើម។

ទាក់ទងនឹងបញ្ហាសុវត្ថិភាពចរាចរណ៍ បញ្ហាសន្តិសុខ ត្សម្រាប់បុណ្យភ្ជំបិណ្ឌនេះ ត្រូវបានឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញបានបញ្ជាក់ថា ចំពោះបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌ ស្នងការដ្ឋ ននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងនគរបាល សហការជាមួយ កងរាជអាវុធហត្ថរាជធានីភ្នំពេញការពារ សន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋចំនួន ១៦ថ្ងៃ។ ឯកឧត្តមឧត្តមសេនីយ៍ឯកបានលើកឡើងថា សម្រាប់ពិធីបុណ្យកឋិនទាននៅខាងមុខ ដែលនឹងចាប់ផ្តើម ពីថ្ងៃទី០៨ ខែតុលា ដល់ថ្ងៃទី០៨ វិច្ឆិកាឆ្នាំ២០២៥ ដែលមានរយៈពេល ២៩ថ្ងៃ យើងក៏បានត្រៀមកម្លាំងរួចរាល់ ទាំងការសម្រួលចរាចរណ៍ ការរៀបចំសណ្តាប់ធ្នាប់នៅតាមទីផ្សារ និងនៅតាមវត្តអារាមជាមួយនឹងការល្បាត ពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ ដើម្បី សន្ដិសុខ សុវត្ថិភាព ជូនពលរដ្ឋ ទៅធ្វើបុណ្យ ទៅ ធ្វើទាន ប្រកបដោយភាពសុខសាន្ដផងដែរ ។ ទាក់ទិននឹងការដាក់កងកម្លាំងសមត្ថកិច្ចនេះដែរ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា ដូចជារៀងរាល់ឆ្នាំដែរ ក្រសួងមហាផ្ទៃបានដាក់ចេញនូវបទបញ្ជាឱ្រ្យរាជធានី ខេត្តយកចិត្តរៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ។ លោកអ្នកនាំពាក្យរងបានបន្ថែមថាការរៀបចំនេះដែរក្រសួងបានឱ្យអគ្គស្នងការនគរបាលជាតិ សាលារាជធានីភ្នំពេញប្រជុំចាត់ចែងរៀបចំធ្វើយ៉ាងណាឱ្យប្រទាក់ក្រឡាគ្នាក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសនៃ ការដឹកនាំយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកម្តងៗ តែងតែអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់ចូលរួមបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តន៍វិធានការមួយចំនួន មានដូចជា៖ ១.កុំបើកប រលើសល្បឿនកំណត់ ២.សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន ៣.ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើងសញ្ញា ស្លាកសញ្ញាចរាចរណ៍ និងសញ្ញាបញ្ជា របស់ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ៤.ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូសសញ្ញាបែងចែកគន្លងផ្លូវ ៥.ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ការជែងការចតនិងការឈប់ ៦.ត្រូវត្រួតពិនិត្យមុនចេញដំណើរនូវលក្ខណៈបច្ចេកទេសយានយន្ត ដូចជាសំបកកង់ ហ្វ្រាំង ភ្លើងបំភ្លឺ និងចង្កូតជាដើម។ លោកជំទាវ បានអះអាងថា៖ «ការបាត់បង់ក្នុងគ្រោះថ្នាក់ចរាចរណ៍គឺជាការបាត់បង់មួយយ៉ាងធំធេង ជាការបាត់បង់មួយយ៉ាងសោកសង្រេង ព្រោះក្នុង១ឆ្នាំៗនៅ កម្ពុជាគ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតមនុស្សជាច្រើន ក្នុងនោះ បើតាមរយៈរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ គ្រោះថ្នាក់បានកើតឡើងសរុប ១ ០៦៦លើក បណ្តាលឱ្យស្លាប់ ៦៩៤នាក់ និងរបួស ១ ៤៧៦នាក់»។

លោកជំទាវ មឹន មាណវី បានឱ្យដឹងទៀតងា បញ្ហានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកម្តងហើយម្តងទៀត តែងតែអំពាវនាវដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍តាមដែ លអាចធ្វើទៅបាន។

ចំពោះការចូលរួមនូវវិធានការនានា ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលបានជំរុញ និងលើកទឹកចិត្ត ទៅដល់កម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ ជាពិសេសគណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅគ្រប់មូ លដ្ឋានក្នុងខេត្តកណ្ដាល ក្នុងថ្ងៃបុណ្យភ្ជុំធំ ត្រូវរួមគ្នាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដែលប ណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ ។ ឯកឧត្តមអភិបាលខេត្តបានថ្លែងបញ្ជាក់ថា៖ «ពីព្រោះកិច្ចការចូលរួមនេះក៏ជាបុណ្យកុសល ដ៏ធំធេងមួយផងដែរ គឺជាការជួយសង្គ្រោះជីវិតមនុស្ស ដែល យើងទាំងអស់គ្នាត្រូវតែរួមគ្នាត្រូវធ្វើឱ្យបាន ទាំងមន្ត្រីនគរបាល មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ»។

ក្នុងកិច្ចប្រជុំបូកសរុ បលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពីពេលកន្លងទៅនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានគូស បញ្ជាក់ឱ្យដឹងថា ផ្អែកលើបទពិសោធន៍ការងារ និងស្មារតីខិតខំប្រឹងប្រែងទទួលខុសត្រូវពីគ្រប់ក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យើងនឹងអាចសម្រេចបានជោគ ជ័យក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី២ ឆ្នាំ២០២៥ ក៏ដូចជាការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរឡើងជាលំដាប់ ឈានទៅសម្រេចគោលការណ៍ទាំងបីគឺ “ អ្នកប្រើប្រាស់ផ្លូវមាន សុវត្ថិភាព ផ្លូវថ្នល់មានសុវត្ថិភាព និងយានយន្ត មានសុវត្ថិភាព”៕

ដោយ៖ ប៊ុនរិទ្ធ និង ចាន់ សុភឿន





