ត្តមសេនីយ៍ឯក លឹម តុងហួត លើកឡើងថា ក្រសួង និងរាជធានី ខេត្ត បានផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន App NoDrug ក្នុងឱកាសបុណ្យកាន់បិណ្ឌ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ -- ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជម្រាបជូនថា ក្រសួងស្ថាប័ន គណៈ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ដែលជាសមាជិកតែងតែឆ្លើយតបតាមការស្នើសុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើសកម្មភាពផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដល់ប្រជាពលរដ្ឋទូទៅ ក្នុងឱកាសព្រឹត្តិការណ៍បុណ្យជាតិធំៗ សំដៅពញ្ញាក់ស្មារតីឱ្យមានការប្រុង ប្រយ័ត្ននិងចូលរួមបង្ការទប់ស្កាត់បញ្ហានានាដែលបង្កឡើងដោយគ្រឿងញៀន។

ឯកឧត្តមឧត្តមសេនីយ៍ឯក លឹម តុងហួត បាន បញ្ជាក់ថា ក្នុងឱកាសបុណ្យកាន់បិណ្ឌ ចាប់តាំងពីថ្ងៃទី០៨ ខែកញ្ញា ២០២៥ រហូតដល់ ២២ ខែកញ្ញា ឆ្នាំ២០២៥ នេះ គឺមានសកម្មភាពផ្សព្វផ្សាយអប់រំពីរប្រភេទមាន៖ ១.ផ្សព្វផ្សាយអប់រំពីចម្ងាយមិនផ្ទាល់តាមរយៈវិទ្យុទូរទស្សន៍ បណ្ដាញផ្សព្វផ្សាយរដ្ឋនិងឯកជន ការដាក់តាំងបដា ពាក្យស្លោកប្រឆាំងគ្រឿងញៀន និងជំរុញការប្រើប្រាស់ទូរសព្ទដៃNoDrug តាមផ្ទាំងប៉ាណូធំៗ តាមដងផ្លូវសំខាន់ៗក្នុងរាជធានី ខេត្ត ការផ្ញើសារតាមទូរសព្ទដៃ។ ២.ការផ្សព្វផ្សាយដោយផ្ទាល់គឺយើងធ្វើតាមរយៈព្រះសង្ឃ អាចារ្យកម្មវិធីផ្សព្វផ្សាយព្រះធម៌ តាមទីវត្តអារាមក្នុងពិធីកាន់បិណ្ឌនិងអាជ្ញាធររបស់យើងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯកបានឱ្យដឹងទៀតថា នៅលើរថយន្តក្រុងគឺមានការដាក់តាំងនូវផ្ទាំងតាំង QR Code NoDrug សម្រាប់ប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌតាមរយៈមធ្យោបាយរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ(City Bus) បានឃើញនិងទាញយកប្រើប្រាស់កម្មវិធីទូរសព្ទNoDrugនេះផងដែរ។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត បាននាំយកការថ្លែងអំណរគុណ និងកោតសរសើរពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់ក្រសួង ស្ថាប័ន គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ដែលតែងតែយកចិត្តទុកដាក់ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក្នុងរដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងសូមឲ្យការធ្វើដំណើររបស់បងប្អូនទៅគ្រប់ទី ជួបតែសុខសុវត្ថិភាព "ថ្ងៃនេះ ថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍និងគ្មានគ្រឿងញៀន " ៕
ដោយ៖ រិទ្ធី ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





