ថា្នក់ដឹកនាំខេត្តបាត់ដំបងចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ -- ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នព បានដឹកនាំមន្រ្តីរាជការមកពីមន្ទីរអង្គភាពនានាជុំវិញខេត្តចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភគាំទ្រដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងមូលដ្ឋានខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់តែងតែចុះសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគឧបត្ថម្ភគាំទ្រដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាព ការនឹករលឹក លើកទឹកចិត្តក្នុងឱកាសនៃពិធីបុណ្យទានធំៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌជាដើម។

ឯកឧត្តមបានបន្ថែមថា ការឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខជាបន្តបន្ទាប់ គឺជាការគិតគូរក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងអ្នកជួរក្រោយដល់អ្នកជួរមុខ ដោយមិនបណ្ដែតបណ្ដោយឱ្យអ្នកជួរមុខជួបប្រទះបញ្ហាខ្វះខាតអ្វីឡើយ។

ឯកឧត្តមអភិបាលខេត្តបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងដែលកំពុងឈរជើងការពារបូរភាពទឹកដីយ៉ាងរឹងមាំ ដោយគោរព និងអនុវត្តយ៉ាងម៉ឺងមាត់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល និងបានថ្លែងអំណរគុណដល់កងកម្លាំងដែលជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា អគ្គភស្ដុភាជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





