សម្តេច ម៉ែន សំអន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្តសន្តិភាព និងវត្តជម្ពូព្រឹក្សា ខេត្តស្វាយរៀង
AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ -- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា រួមជាមួយនិងមន្ដ្រីរាជការ ពុទ្ធបរិស័ទ អាជ្ញាធរខេត្ដស្វាយរៀង បានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តសន្តិភាព និងវត្តជម្ពូព្រឹក្សា ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នេះ។

ក្នុងពិធីនោះ ក៏មានការរៀបចំបូជាទៀនធូបផា្កភ្ញី ចំពោះព្រះរតនត្រៃសមាទានសិល ធ្វើកិច្ចនមស្សការបង្សុកុល ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខ វេរប្រគេនព្រះសង្ឃ និងរាប់បាត្រ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជន មាន មាតា បិតា ជីដូន ជីតា ញាតិការទាំង ៧៧សណ្ដាន និងជូនចំពោះវិញ្ញាណក្ខន្ធវិរកងទ័ព បុព្វបុរសអ្នកស្នេហាជាតិ ដែលបានពលីអាយុជីវិត ដើម្បីភាពគង់វង្សនៃបូរណភាពទឹកដី ជាតិមាតុភូមិឱ្យទទួលបានសុខសន្ដិភាព ភាពរីកចម្រើនសម្បូររុងរឿង។


សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី និងថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត៕
ដោយ: សួស សំរិត





