អង្គការ FaunaAndFlora និងក្រសួងបរិស្ថានប្រកាសពីការរកឃើញសត្វម្រើមព្រះចំនួន ៣ប្រភេទ
AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ -- អង្គការសត្វព្រៃ និងរុក្ខជាតិ (FaunaAndFlora) សហការជាមួយក្រុមអ្នកជំនាញអន្តរជាតិ និងក្រសួងបរិស្ថាន បានប្រកាសពីការរកឃើញសត្វម្រើមព្រះចំនួន ៣ប្រភេទ រួមមានប្រភេទ Orthomorpha efefai ប្រភេទ Orthomorpha tergoaurantia និងប្រភេទ Orthomorpha battambangiensis ដែលជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក នៅតំបន់ភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង និងខេត្តកំពត ប្រទេសកម្ពុជា។

ប្រភពពីអង្គការ FaunaAndFlora បានឱ្យដឹងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ថា ការរកឃើញនេះបានបង្កើនចំនួនប្រភេទម្រើមព្រះក្នុងពួកប្រភេទ Orthomorpha ពីចំនួន ០៣ប្រភេទ ឡើងទៅចំនួន ០៦ប្រភេទនៅក្នុងប្រទេសកម្ពុជា ហើយក៏បានបង្ហាញពីភាពសម្បូរបែបនៃប្រភេទផងដែរ។

វាក៏បញ្ជាក់ពីសារសំខាន់នៃការការពារតំបន់ទេសភាពភ្នំថ្មកំបោរនៅក្នុងប្រទេសកម្ពុជា ដែលជាជម្រកប្រភេទជីវៈចម្រុះសំខាន់ៗ ដែលអ្នកជំនាញអាចមានឱកាសរកឃើញនូវប្រភេទថ្មីសម្រាប់ពិភពលោកបន្ថែមទៀត។

តំបន់ទេសភាពភ្នំថ្មកំបោរ កំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីការជីកយករ៉ែ ការពង្រីកសកម្មភាពកសិកម្ម និងការអភិវឌ្ឍដែលមិនបានគិតពីចីរភាព។ ការការពារតំបន់ទាំងនេះ ពិតជាចាំបាច់មិនត្រឹមតែសម្រាប់ការការពារជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការថែរក្សាប្រព័ន្ធអេកូឡូស៊ី និងបេតិកភណ្ឌវប្បធម៌សំខាន់ៗផងដែរ ៕

ដោយ: ណយ នឿន (ប្រភព៖ FaunaAndFlora)





