ថ្ងៃនេះក្រសួងអប់រំ យុវជន និងកីឡា ប្រកាសលទ្ធផលផ្លូវការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ -- លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ត្រូវបានប្រកាសជាផ្លូវការនៅទូទាំងប្រទេសនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ដោយក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា មានអ្នកប្រឡងជាប់ចំនួន ១២២ ៤៧៣នាក់ ស្មើនឹង ៨៤.៥៦ភាគរយ នៃចំនួនបេក្ខជនមកប្រឡងសរុប ក្នុងនោះអ្នកជាប់និទ្ទេស A ចំនួន ៣០០៣នាក់ អ្នកជាប់និទ្ទេស B ចំនួន ៩ ៩០១នាក់ អ្នកជាប់និទ្ទេស C ចំនួន ២៨ ៨០១នាក់ អ្នកជាប់និទ្ទេស D ចំនួន ៤៥ ៨៥៩នាក់ និងអ្នកជាប់និទ្ទេស E ចំនួន ៣៤ ៩០៩នាក់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានបង្ហោះសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាថា «និទ្ទេសមិនទាន់កំណត់ជោគវាសនា អនាគតពឹងលើការប្រឹងប្រែងបន្ត»។
កាលពីការប្រឡងសញ្ញាបត្រទុតិភូមិរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែសីហា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថាការប្រឡងបានបិទបញ្ចប់ដោយរលូន ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦,៧២០នាក់ (ស្រី ៨១,៤៤២នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ចំនួន ៤០,៦៧៨នាក់ (ស្រី ២៤,៥១៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)។ មណ្ឌលប្រឡងសរុបចំនួន ២៤១មណ្ឌល ត្រូវជា ៥.៩២៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ៧២មណ្ឌល ត្រូវជា ១,៦៥៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១៦៩ មណ្ឌល ត្រូវជា ៤,២៦៩បន្ទប់៕
ដោយ៖ ចាន់ សុភឿន





