ប្រវត្តិ និងអត្ថន័យបុណ្យភ្ជុំបិណ្ឌ
AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ -- ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតរបស់ប្រជាពលរដ្ឋកម្ពុជា តាំងពីបុរាណរៀងមក និងតែងតែមានការប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១ បិណ្ឌ២ … ហើយនិងថៃ្ងបញ្ចប់ គឺជាថៃ្ង “ភ្ជុំបិណ្ឌ” ឬខ្លះហៅថា “ភ្ជុំធំ”។

បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។
ចំពោះពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ”។ ដូចេ្នះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” (ការពូតដុំបាយជាដុំៗដែលយើងហៅថា “បាយបិណ្ឌ”) ។

យោងតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាយើង បានបង្ហាញថាពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំ។

ទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌនេះដែរ បើតាមគំនិតអ្នកប្រាជ្ញខ្មែរយើង បង្ហាញប្រាប់ទុកនូវមូលហេតុជាចម្បងមួយចំនួន ដែលនាំឱ្យពលរដ្ឋខ្មែរយើងបង្កើតពិធីបុណ្យភ្ជុំបិណ្ឌនេះ ក្នុងនោះមានដូចជា៖ ១) ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ជាពាក្យសំស្រ្កឹត)។ ២) ដើម្បីឱ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។ ៣) ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។

កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាក ដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាព នៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។

ពាក់ព័ន្ធនឹងការបោះបាយបិណ្ឌវិញ តាមការកត់សម្គាល់ឃើញថា នៅព្រលឹមម៉ោង៤ព្រឹក ប្រជាពលរដ្ឋតែងតែនាំគ្នាដើរទៅវត្ដអារ៉ាមនានានៅក្នុងភូមិ ឬនៅក្បែរផ្ទះរបស់ខ្លួន ជាមួយនឹងនំចំណី ដែលធ្វើរួចជាស្រេចដាក់ក្នុងចាន ឬស្បោងដើម្បីទៅវត្ដ។ ការបោះបាយបិណ្ឌជាជំនឿអរូបីមួយផងដែរ ដែលប្រជាពលរដ្ឋខ្មែរយើងនិយមធ្វើជារៀងរាល់ព្រឹក ដើម្បីបញ្ជូន ឬឧទ្ទិសកុសលឱ្យទៅញាតិសន្ដានសាច់សាលោហិតដែល បានចែកឋានទៅបរលោក។

ការបោះបាយបិណ្ឌ (ការបោះដុំបាយ) ជាសកម្មភាពមួយដែលមិនទាន់មានឯកភាពគ្នា នៅក្នុងសង្គមពុទ្ធសាសនិកនៅឡើយ ដោយអ្នកខ្លះបានចាត់ទុក ការបោះបិណ្ឌជាកិច្ច ដ៏សំខាន់មួយមិនអាចខានបាន នៅក្នុងរដូវបុណ្យកាន់បិណ្ឌនេះ ខណៈដែលអ្នកខ្លះបានអះអាង និងរិះគន់ថា ការបោះបាយបិណ្ឌជាទង្វើមិនត្រឹមត្រូវ ជាភាពខ្ជះខ្ជាយជាការធ្វើមិនគោរពទានជាដើម។ អ្នកដែលជឿថា បោះបាយបិណ្ឌមានប្រយោជន៍គិតថា បោះបាយបិណ្ឌគឺបោះឲ្យពួកប្រេត (ហេតុនេះទើបនៅ តំបន់ខ្លះមិនហៅបាយបិណ្ឌទេ តែហៅថាបាយប្រេត)។ ចំណែកអ្នកពុទ្ធនិយមខ្លះទៀតបានអះអាងថា ការបោះបាយបិណ្ឌជាការធ្វើទាន មិនត្រឹមត្រូវតាមការបង្រៀនរបស់ព្រះពុទ្ធឡើយ។

ជាមួយនឹងពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ ក៏មានការពូនភ្នំខ្សាច់ ដែលការធ្វើនេះគឺមានទាក់ទិននឹងជំនឿដែលពុទ្ធបរិស័ទលើកឡើងអំពីការពូនភ្នំខ្សាច់ នៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ វាជាជំនឿមួយដែលខ្មែរយើងទូទៅយល់ថា វាល្អហើយមានប្រយោជន៍ទើបពួកគាត់ធ្វើ។ ហើយបានដាក់លុយទៅតាមភ្នំខ្សាច់នីមួយៗ ព្រមទាំងអុជធូបស្មាលា កំហុសបាបមួយចំនួន ដែលខ្លួនបានសាងឡើង ដោយមិនបានចាប់អារម្មណ៍កន្លងមក។ ការពូនភ្នំខ្សាច់នេះក៏ជាការឧទ្ទិសកុសលមួយ ជូនដល់ឧបការីជនទាំងឡាយដែលបានលាចាកលោកផងដែរ៕


ដោយ៖ មករា រូបថត៖ ឃុត សៅ





