អ្នកជំនាញក្នុងឧស្សាហ៍កម្មរថយន្ត មើលឃើញពីការកើនឡើងនៃចំនួនអ្នកប្រើប្រាស់រថយន្តថ្មីក្នុងទីផ្សារកម្ពុជា
AKP ភ្នំពេញថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥– អ្នកជំនាញក្នុងឧស្សាហ៍កម្មរថយន្ត មើលឃើញពីការកើនឡើងនៃចំនួនអ្នកប្រើប្រាស់រថយន្តថ្មីក្នុងទីផ្សារកម្ពុជា ខណៈនិន្នាកាលនេះ នឹងនៅតែបន្តកើនឡើងថែមទៀត ស្របពេលការប្រកួតប្រជែងក្នុងឧស្សាហ៍នេះកំពុងរីកធំ។
លើកឡើងក្នុងសន្និសីទ សារព័ត៌មាន របស់ក្រុមហ៊ុន Chery Cambodia នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ នៅ ការិយាល័យ លក់របស់ Chery Cambodia ដែលស្ថិតនៅខណ្ឌ ជ្រោយចង្វារ តាម បណ្តោយ ផ្លូវ OCIC លោក Brian Ko នាយកប្រតិបត្តិក្រុមហ៊ុន Chery Cambodia មានគូសបញ្ជាក់ថា ទីផ្សាររថយន្តថ្មីក្នុងទីផ្សារកម្ពុជា កំពុងមានសន្ទុះកើនឡើងយ៉ាងច្រើនក្នុងទីផ្សារ ដែលកត្តានេះ បង្ហាញអោយឃើញពីតម្រូវនៃការប្រើប្រាស់ក្នុងឧស្សាហ៍នេះ កំពុងមានភាពប្រកួតប្រជែង ទាំងតម្លៃ ការរចនា ម៉ាកយីហោ និងប្រភពដើមនៃការផលិតរថយន្ត។ កម្ពុជា ជាប្រទេសក្នុងតំបន់មួយ ដែលកំពុងមានតម្រូវកើនឡើងនៃរថយន្តថ្មីៗ ហើយស្របពេលនេះ ក្រុមហ៊ុន chery cambodia បានសម្រេចចិត្ត វិនិយោគ និងនាំចូលមកនូវរថយន្យម៉ូឌែលថ្មី ម៉ាក Chery ដែលជាយីហោល្បី និងកំពុងពេញនិយមនៅក្នុងទីផ្សារចិន។

លោកបញ្ជាក់ថា ក្រុមហ៊ុន Chery បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ហេីយបានបោះជំហានក្លាយជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការច្នៃប្រឌិតរថយន្ត ជាង ១០០ ប្រទេស និងមានអតិថិជនសរុបជាង ១៧ លាននាក់នៅទូទាំងពិភពលោក។ ដោយមានការទទួលស្គាល់ជាមួយនឹងវិញ្ញាបនប័ត្រសុវត្ថិភាព Euro NCAP ពានរង្វាន់គុណភាពអន្តរជាតិជាច្រើន និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍លំដាប់ពិភពលោក ពេលនេះ Chery កំពុងពង្រីកសមិទ្ធិផលជាសាកលនេះមកដល់ប្រទេសកម្ពុជា ដោយផ្តល់នូវឧត្តមភាពក្នុងការរចនា សុវត្ថិភាព និងបច្ចេកវិទ្យាល្អដាច់គេ។
លោក Kwon Joonsoo អគ្គនាយក ក្រុមហ៊ុន Chery Cambodia បាន បន្ថែម ថា៖ "ឆន្ទៈរបស់ម៉ាកយីហោសកលរបស់យើង "ឧត្តមភាពក្នុងបោះជំហានទៅមុខ" ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ Chery ចំពោះការរចនា ការច្នៃប្រឌិត និងបទពិសោធន៍នៃការរស់នៅដែលភ្ជាប់ជាមួយមនុស្សជំនាន់ថ្មី។ យើងមានគោលបំណងនាំយករថយន្ដអនាគតប្រភេទ SUV និងរថយន្ត EV មកកាន់ប្រទេសកម្ពុជាជាមួយនឹងមុខងារដែលទាន់សម័យ សុវត្ថិភាព និងការដៃគូដ៏សក្ដិសមសម្រាប់លោកអ្នក។"


កញ្ញា ហែម សុវណ្ណមុន្នីនិច ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន Chery Cambodia បានពន្យល់បន្ថែមថា៖ "នៅក្នុងកម្មវិធីសម្ពោធរបស់យើង យើងបានបង្ហាញនូវម៉ូដែលល្បីៗរបស់ Chery រួមមាន TIGGO 2 PRO, TIGGO 7, TIGGO 8 (PHEV) និង TIGGO 9 ។ ម៉ូដែលទាំងនេះបម្រើនូវតម្រូវការអតិថិជនជាច្រើនរាប់ចាប់ពីអ្នក មានបំណងចង់បញ្ជាទិញរថយន្តដំបូងរហូតដល់រថយន្ដសម្រាប់ គ្រួសារ និងសូម្បីតែអ្នកដែលមានបំណងចង់ស្វែងរកបទពិសោធន៍រថយន្ត SUV ដ៏ប្រណីតនាចុងឆ្នាំនេះ ជាមួយនឹងតម្លៃប្រកួតប្រជែងលេីទីផ្សារ លក្ខណៈពិសេសសុវត្ថិភាពខ្លាំង និងបច្ចេកវិទ្យាទំនើបៗ បានក្លាយជាជម្រើសរថយន្ត SUV នៅកម្ពុជា។"
លក្ខណៈ ពិសេស របស់ Chery SUVs
✓ ប្រព័ន្ធសុវត្ថិភាពពេញលេញជាមួយនឹងពោងសុវត្ថិភាពទំនេីប និងជំនួយការបើកបរឆ្លាតវៃ ADAS
✓ ប្រព័ន្ធកម្សាន្តជាមួយ Apple CarPlay & Android Auto
✓ ការរចនាខាងក្នុងទំនើប និងផាសុកភាព
✓ ម៉ាស៊ីន Turbocharged ជាមួយនឹងប្រសិទ្ធភាពប្រេង និងការបង្កើនល្បឿនយ៉ាងរលូន
✓ រចនាឡើងសម្រាប់ទាំងការបើកបរក្នុងទីក្រុង និងការធ្វើដំណើរឆ្ងាយប្រកបដោយទំនុកចិត្ត៕


ដោយ៖ ចរិយា ប្រភព៖ Chery Cambodia





