ប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាស្នើរួមគ្នាពង្រឹងកត្តាសំខាន់ៗ ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាសាកលវិទ្យាល័យអាស៊ាន ២០២៨
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥--ផ្អែកតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងផែនការមេឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ និងការធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាបានស្នើឱ្យគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសទាំងអស់រួមគ្នាជួយពង្រឹង និងពង្រីកនូវកត្តាសំខាន់ៗមួយចំនួន។

កត្តារួមផ្សំសំខាន់ៗទាំង៧ចំណុចរបស់ឯកឧត្តម កែ ប៊ុនខៀង បានធ្វើឡើងនៅក្នុងឱកាសបិទការប្រកួតកីឡាបាល់បោះ ៣x៣ ជ្រើសរើសជើងឯកអន្តរវិទ្យាល័យ U18 ឆ្នាំ២០២៥ និងវគ្គរដ្ឋបាលកីឡាសិស្ស និស្សិតកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ។

ឯកឧត្តម កែ ប៊ុនខៀង មានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនូវព្រឹត្តិការណ៍ដ៏មហាអស្ចារ្យ និងជាប្រវត្តិសាស្រ្ត និងដើម្បីពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាឱ្យឆ្លើយតបទៅនឹងផែនការអភិវឌ្ឍរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាល សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា ស្នើគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាទាំងអស់ចូលរួមអនុវត្តនូវទិសដៅ ដូចជា៖ ពង្រឹង និងពង្រីកសមាគមកីឡាសមាគមកីឡានិស្សិត តាមគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាចូលជាសមាជិកសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ ស្នើគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសយកចិត្តទុកដាក់ និងជំរុញសមាគមកីឡានិស្សិត ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺនកីឡាក្រៅម៉ោងសិក្សា និងការប្រកួតកីឡាឱ្យបានផុលផុស ឆ្លើយតបទៅនឹងគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ស្នើគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ពង្រឹងការជ្រើសរើសកីឡាករ កីឡាការិនី ទៅចូលរួមការប្រកួតកីឡាសិស្ស និងនិស្សិតឱ្យបានសមស្របតាមគោលការណ៍បច្ចេកទេស។

ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា សហការជាមួយសហព័ន្ធកីឡាជាតិបើកវគ្គបណ្តុះបណ្តាលមន្រ្តីជំនាញនៅតាមគ្រឹះស្ថានសិក្សា។ កៀរគរសប្បុរសជន និងដៃគូឯកជនចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពកីឡានិស្សិត និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា នៅតាមគ្រឹះស្ថានឧត្តមសិក្សា។ ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ។ លើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសដែលធ្វើសកម្មភាពកីឡាសកម្ម និងជ្រើសរើសអត្តពលិកនិស្សិតឆ្នើមឱ្យទៅចូលរួមការប្រកួតកីឡាសាកល វិទ្យាល័យជាលក្ខណៈអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តមសង្កត់ធ្ងន់ថា ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាតែឯកឯង ពិតជាមិនអាចធ្វើកិច្ចការអភិវឌ្ឍ និងរីកចម្រើនរឹងមាំបានទេ បើមិនមានការចូលរួមគាំទ្រទាំងស្មារតី កម្លាំងកាយ និងមធ្យោបាយពីគ្រប់ផ្នែកសំខាន់ៗ ដូចជារាជរដ្ឋាភិបាល វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ គ្រប់ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ ជាពិសេសបំផុត គឺតួនាទី និងការរួមចំណែក ដែលមិនអាចខ្វះបានរបស់សមាជិកនៃសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា រួមមាន សមាគមក្លឹបកីឡានៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាបានជម្រាបជូនថា វគ្គរដ្ឋបាលកីឡាសិស្សនិស្សិតកម្ពុជាមានសិក្ខាកាមសរុប ៤៥នាក់ជាគ្រូអប់រំកាយ និងកីឡាមកពី ១៤វិទ្យាល័យ និង ៣អនុវិទ្យាល័យ ព្រមទាំងមន្ត្រីនាយកដ្ឋានជំនាញនៃក្រសួងអប់រំ ដោយវគ្គនេះទទួលបានលទ្ធផលល្អប្រសើរ។ ចំពោះការប្រកួតកីឡាបាល់បោះ ៣x៣ ជ្រើសរើសជើងឯកអន្តរវិទ្យាល័យ U18 ឆ្នាំ២០២៥ មានទាំងផ្នែកបុរស និងនារី។ លទ្ធផលជ័យលាភី រួមមាន៖ ផ្នែកនារី
ចំណាត់ថ្នាក់លេខ១ ក្រុមវិទ្យាល័យ ព្រះស៊ីសុវត្ថិ លេខ២ ក្រុមវិទ្យាល័យឫស្សីកែវ និងលេខ៣ ក្រុមវិទ្យាល័យព្រះយុគន្ធរជំនាន់ថ្មី ខណៈផ្នែកបុរស ចំណាត់ថ្នាក់លេខ១ ក្រុមសាលារៀនអន្តរទ្វីបអាមេរិកាំង លេខ២ វិទ្យាល័យ ព្រះយុគន្ធរ និងលេខ ក្រុមវិទ្យាល័យ ព្រះស៊ីសុវត្ថិ៕ ដោយ ហេង ណាលីន





