ឯកឧត្តម អ៊ុន ចាន់ដា៖ កត្តាចម្បងចំនួន២ធ្វើឱ្យសេដ្ឋកិច្ចក្នុងខេត្តមានការកើនឡើង
AKP កំពង់ចាម ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥-- ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិវត្តន៍ជននៅសាលាខេត្តកំពង់ចាម ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម បានលើកឡើងថា កត្តាចម្បងចំនួន២ធ្វើឱ្យសេដ្ឋកិច្ចក្នុងខេត្តមានការកើនឡើង និងទទួលបានការអភិវឌ្ឍលើសមិទ្ធផលជាច្រើនក្នុងឆ្នាំ២០២៤កន្លងទៅគឺ៖ ទី១. កត្តាការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អ ដែលបង្កបរិយាកាសល្អដល់អ្នកវិនិយោគធ្វើឱ្យពួកគាត់ហ៊ានដាក់ទុនបន្ត និងទី២. កត្តាបម្រើសេវាសាធារណៈ គឺសេវារដ្ឋបាល ផ្ដល់តាមរយៈអង្គភាពច្រកចេញចូលតែមួយ ដែលបង្កលក្ខណៈងាយស្រួល ផ្ដល់នូវភាពស្របច្បាប់ តាមរយៈការផ្ដល់ឯកសារនានា ឬការស្នើសុំនូវអាជ្ញាបណ្ណធ្វើអាជីវកម្មផ្សេងៗ ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាក្នុង ឆ្នាំ២០២៤ តាមរយៈនៃការអភិវឌ្ឍរបស់រដ្ឋបាលខេត្ត បានសេដ្ឋកិច្ចមាន ការកើនឡើងប្រមាណ ៨,៦% ក្នុងទំហំទឹកប្រាក់មានចំនួន ២ ៦៥៧ លានដុល្លារ ដែលការរីកចម្រើននេះ ពាក់ព័ន្ធទៅលើវិស័យធំៗចំនួន៣ជាចំបងររួមមាន ទី១ វិស័យកសិកម្មមានទំហំ ១.០៣៤លានដុល្លា មានចំណែក ៣៩,៩២% នៃសេដ្ឋកិច្ចខេត្ត ។ទី២ វិស័យឧស្សាហកម្មមានទំហំ ៨៥៧លានដុល្លា មានចំណែក ៣២,២៥% នៃសេដ្ឋកិច្ចខេត្ត និងទី៣ វិស័យសេវាកម្មមានទំហំ ៧៦៦លានដុល្លា មានចំណែក ២៨,៨៣% នៃសេដ្ឋកិច្ចខេត្តដែលក្នុងឆ្នាំ២០២៤ GDP សម្រាប់មនុស្សម្នាក់ៗ ចំនួន ២.៣១១ដុល្លារ ក្នុងមួយឆ្នាំ។ តាមការរំពឹងទុកនៅឆ្នាំ ២០២៥ ខេត្តកំពង់ចាម មានទំហំសេដ្ឋកិច្ចនឹងកើនដល់ ២.៨៦៧លានដុល្លានិង មានGDP មនុស្សម្នាក់ៗនឹងកើនដល់ ២.៤៧៨ដុល្លាក្នុងមួយឆ្នាំ។


ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចខាងលើនេះ អាចកើនឡើងទៅបានដោយសារ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការក្រោមឱវាទ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន បានល្អ ដែលក្នុងនោះ មានកត្តារក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អ ក៏ដូចជាការបម្រើសេវាសាធារណៈបានល្អ ធ្វើឱ្យមានអ្នកដាក់ទុនមករកស៊ីនៅក្នុងខេត្តកាន់តែច្រើន ឱកាសការងារដល់ប្រជាពលរដ្ឋយើងក៏មានកាន់តែច្រើនផងដែរ៕
ដោយ ឆាយ ម៉ុត





