បណ្ឌិតសភាចារ្យ សុខ ទូច ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ស្តីពីគម្រោងបណ្ដុះបណ្ដាលភាសាអេស្ប៉ាញនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួប និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ក្នុងជំនួបពិភាក្សាការងារនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍គូសបញ្ជាក់អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា គុយបា ដែលតែងតែមានកិច្ចសហប្រតិបត្តិការល្អ និងគាំទ្រគ្នាទៅវិញទៅជានិច្ច។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងកត់សម្គាល់ថា ប្រទេសគុយបាគឺជាប្រទេសដែលមានការរីកចម្រើនខ្លាំងនៅក្នុងវិស័យកសិកម្ម និងបសុពេទ្យ ហើយភាគីទាំងពីរគួរតែ ពិនិត្យលទ្ធភាពនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមទៀតនៅក្នុងវិស័យទាំងពីរនេះ។

ជាការឆ្លើយតប លោកជំទាវ Milena Caridad Zaldívar Piedra បានថ្លែងអំណរគុណចំពោះ ដើម្បីស្វែងយល់ពីដំណើរការនិការទទួលបដិសណ្ឋារកិច្ចនាឱកាសនេះ និងបានគូសបញ្ជាក់ថា លោកជំទាវពិតជាមានចំណាប់អារម្មណ៍ចំពោះកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាលភាសា ដែលឯកឧត្ដមបណ្ឌិតសភាចារ្យលើកឡើង ហើយលោកជំទាវជឿជាក់ភាគីទាំងពីរនឹងអាចឈានទៅសម្រេចកិច្ចសហប្រតិបត្តិការនេះប្រកបដោយផ្លែផ្កា តាមរយៈការជជែកពិភាក្សាលម្អិតបន្ថែមទៀតរវាងក្រុមការងារបច្ចេកទេស។

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពក្នុងការពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការ លើការរៀបចំគម្រោងបណ្ដុះបណ្ដាលភាសាអេស្ប៉ាញនៅកម្ពុជា កិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវអំពីបសុពេទ្យ ពិសេសជំរុញការភ្ជាប់ទំនាក់ទំនងរវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នស្រាវជ្រាវនិងបណ្ដុះបណ្ដាលនៃសាធារណរដ្ឋគុយបា៕
ដោយ ណយ នឿន (ប្រភព៖ រាជបណ្ឌិត្យសភាកម្ពុជា)





