សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បង្ហាញការពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ និងចង់ឃើញការពង្រីកនូវសក្តានុពលក្នុងវិស័យយោធារវាងប្រទេសទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ -- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងដោយពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ នាពេលបច្ចុប្បន្ននេះ ហើយសម្ដេចក៏ចង់ឃើញការពង្រីកនូវសក្តានុពលក្នុងវិស័យយោធារវាងប្រទេសទាំងពីរ បង្កើនថែមទៀតរវាងវិស័យយោធាកម្ពុជា និងព្រុយណេ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ក្នុងជំនួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះមេបញ្ជាការកងទ័ព និងគណៈប្រតិភូរបស់ព្រុយណេដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ជាផ្នែកដ៏សំខាន់ធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ ជាពិសេសនៅក្នុងវិស័យយោធាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ទោមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ បានសម្ដែងនូវក្តីអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសមនាពេលនេះ។ ឯកឧត្តម ឧត្តមសេនីយ៍ទោក៏បានឆ្លៀតនាំយកនូវសារផ្ដាំផ្ញើសួរសុខទុក្ខពីព្រះចៅស៊ុលតង់ ព្រុយណេ ជូនចំពោះសម្ដេចតេជោផងដែរ ដែលលោកទាំងពីរជាបងប្អូនធម៌នឹងគ្នា។ ឯកឧត្តមក៏បានជម្រាបសម្ដេចតេជោថា ក្នុងពេលដែលឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជា វាជាឱកាសមួយក្នុងការធ្វើកិច្ចការជាច្រើន ដើម្បីញ៉ាំងឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើង និងអរព្រះគុណចំពោះព្រះចៅស៊ុលតង់ព្រុយណេ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខចំពោះសម្ដេច ហើយសម្ដេចក៏បានផ្ដាំផ្ញើសួរសុខទុក្ខត្រឡប់ទៅវិញផងដែរចំពោះព្រះចៅស៊ុលតង់ព្រុយណេ ដែលក្នុងឋានៈជាបងប្អូនធម៌នឹងគ្នា។ សម្ដេចតេជោក៏បានលើកឡើងដោយពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ នាពេលបច្ចុប្បន្ននេះ ហើយសម្ដេចតេជោក៏ចង់ឃើញការពង្រីកនូវសក្តានុពលក្នុងវិស័យយោធារវាងប្រទេសទាំងពីរ បង្កើនថែមទៀតរវាងវិស័យយោធាកម្ពុជា និងព្រុយណេ។ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី ក៏បានបញ្ជាក់ទៅកាន់មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ អំពីបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ ផងដែរ ដោយសម្ដេចបានពន្យល់អំពីរឿងរ៉ាវ នៃបញ្ហាមួយនេះ ហើយសម្ដេចសង្ឃឹមថា ព្រុយណេនឹងបន្តតាមដានក្នុងប្រទេស និងតំបន់ ក្នុងឋានៈជាសមាជិកអាស៊ាន និងខិតខំប្រឹងប្រែងក្នុងការជំរុញឱ្យភាគីទាំងពីរគឺរក្សានូវភាពអត់ធ្មត់ ហើយដោះស្រាយបញ្ហាដោយសន្តិវិធី។
ក្នុងឱកាសនោះ សម្ដេចតេជោក៏សូមអរគុណចំពោះតួនាទីរបស់ព្រុយណេក្នុងឋានៈជាសមាជិកអាស៊ាន ដែលបានបន្ថែមនូវកម្លាំងអ្នកអង្កេតការក្នុងការទៅលើស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ដែលបាន និងកំពុងកើតមានឡើង។ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ក៏រំពឹងផងដែរថា ទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ នឹងកាន់តែរីកចម្រើនថែមទៀត៕
ដោយ៖ ជឹម ណារី





