សម្ដេចតេជោ ហ៊ុន សែន អរគុណអង្គការ UNESCO ដែលបានចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ទាំងក្នុងវិស័យការពារបេតិកភណ្ឌមនុស្សជាតិ ក៏ដូចជាវិស័យអប់រំ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ -- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងនូវការអរគុណចំពោះអង្គការ UNESCO ដែលបានចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ទាំងក្នុងវិស័យការពារបេតិកភណ្ឌមនុស្សជាតិ ក៏ដូចជាវិស័យអប់រំ។ នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្តីរីករាយដែលបានជួបជាមួយនឹងតំណាងយូណេស្កូ ឯកឧត្ដម Sardar Umar Alam សារជាថ្មី ហើយសម្តេចតេជោក៏បានអរគុណចំពោះបេសកកម្មរបស់ឯកឧត្ដម ក្នុងពេលដែលមកបំពេញបេសកកម្មជាតំណាងយូណេស្កូប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមចំណែកក្នុងការជួយដល់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងការការពារបេតិកភណ្ឌជាតិ។

ឯកឧត្ដម Sardar Umar Alam តំណាងយូណេស្កូប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវក្តីអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសម និងជម្រាបលា នៅក្នុងឱកាសនេះ ហើយឯកឧត្តមបាននឹករលឹក និងអរគុណ ជាពិសេសនៅក្នុងពេលដែលកូវីដ១៩ ពេលសម្ដេចនៅជានាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ចំពោះបុគ្គលិករបស់អង្គការអន្តរជាតិនានា ហើយក្នុងនោះអង្គការបុគ្គលិករបស់យូណេស្កូក៏ទទួលបានការយកចិត្តទុកដាក់ ពីសម្ដេចតេជោ និងពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ឯកឧត្ដមបានបន្ដថា អ្វីដែលជាការកត់សម្គាល់បន្ថែមទៀត ឯកឧត្តមបានអរគុណចំពោះសម្ដេចតេជោ ពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី សម្តេចបានគាំទ្រសកម្មភាពរបស់អង្គការយូណេស្កូគ្រប់បែបយ៉ាង ហើយការគាំទ្រនេះ ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងយូណេស្កូ និងរាជរដ្ឋាភិបាលកម្ពុជាមានភាពល្អប្រសើរ និងរីកចម្រើនជាបន្តបន្ទាប់។

ឆ្លើយតបលើកឡើងទៅកាន់ឯកឧត្ដម Sardar Umar Alam សម្ដេចតេជោប្រមុខរដ្ឋស្ដីទីបានបញ្ជាក់ផងដែរថា កម្ពុជាវិញទេដែលត្រូវអរគុណចំពោះក្រុមការងារ ក៏ដូចជាអង្គការយូណេស្កូដែលបានចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ទាំងក្នុងវិស័យការពារបេតិកភណ្ឌមនុស្សជាតិ ក៏ដូចជាក្នុងវិស័យអប់រំដែលអង្គការយូណេស្កូបានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជា។ សម្ដេចតេជោក៏បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្បត្តិបេតិកភណ្ឌរបស់កម្ពុជាជាច្រើនត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកទាំងរូបី និងអរូបីដែលបង្ហាញយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការយូណេស្កូ ហើយមិនអាចខ្វះបាននូវតួនាទីរបស់អង្គការយូណេស្កូក្នុងការជួយជ្រោមជ្រែងនៅក្នុងបញ្ហា ក៏ដូចជាការការពារ និងជំរុញការផ្ដល់ជាយោបល់ដើម្បីធ្វើឱ្យកម្ពុជាអាចចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន៕
ដោយ៖ ជឹម ណារី





