អគ្គរាជទូតអង់គ្លេស អញ្ជើញទស្សនកិច្ចនៅតំបន់ទេសភាព ភ្នំថ្មកំបោរ ក្នុងស្រុកបាណន់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥-- អង្គការសត្វព្រៃ និងរុក្ខជាតិ Fauna And Flora បានសម្ដែងសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានឯកឧត្តម Dominic Williams អគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា អញ្ជើញមកធ្វើទស្សនកិច្ចនៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។


ដោយទទួលបានការគាំទ្រថវិកាជំនួយពីរដ្ឋាភិបាលចក្រភពអង់គ្លេស តាមរយៈមូលនិធិ Darwin Initiative អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា Fauna And Flora នឹងធ្វើការយ៉ាងជិតស្និតជាមួយសហគមន៍មូលដ្ឋាននៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងស្រុកបាណន់ ចាប់ពីខែតុលា ឆ្នាំ២០២៥ នេះតទៅ ដោយផ្តោតលើការពង្រឹងសមត្ថភាពនិងជំនាញដល់សហគមន៍ទាំងនោះ ដើម្បីពួកគេអាចចូលរួមយ៉ាងសកម្មក្នុងការការពារនិងអភិក្សធនធានជីវៈចម្រុះតំបន់ទេសភាពភ្នំថ្មកំបោរនិងរូងភ្នំ ជាពិសេសអាចឱ្យពួកគេបន្តទទួលបានផលប្រយោជន៍ពីជីវៈចម្រុះទាំងនេះសម្រាប់ជីវភាពរស់នៅរបស់ពួកគេប្រកបដោយចីរភាព។ ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម មានគោលបំណងដើម្បីស្វែងយល់អំពីកិច្ចការងារអភិរក្សជីវៈចម្រុះតំបន់ភ្នំថ្មកំបោរ និងផលប្រយោជន៍សេដ្ឋកិច្ចដែលផ្តល់ដោយជីវៈចម្រុះទាំងនោះ ជាពិសេសចំណូលទទួលបានពីការប្រមូលជីលាមកសត្វប្រចៀវពីក្នុងរូងភ្នំដល់ជីវភាពប្រជាជនមូលដ្ឋាននៅសហគមន៍ព្រៃឈើភ្នំរំសាយសក់៕
ដោយ ណយ នឿន (ប្រភព៖ Fauna And Flora)





