សម្តេច ម៉ែន សំអន ចូលរួមបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តវិហារធំសសរ១០០ តាមប្រពៃណីសាសនា
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥-- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចូលរួមបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តវិហារធំសសរ១០០ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ព្រមទាំងថ្វាយ គ្រឿងសក្ការៈ ដល់ បារមីព្រះនាងក្រពុំឈូក ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិទាំងមូលជួបតែសុខសន្ដិភាពជារៀងរហូត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅស្រុកកំណើតរបស់សម្តេច និងបានវេរប្រគេន នូវទេយ្យវត្ថុមួយចំនួនដល់ព្រះសង្ឃចំនួន ៣វត្ត រួមមាន ៖ វត្តវិហារធំសសរ១០០ វត្តព្រះវិហារលាវ និងវត្តវិហារគោក។ ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីមន្ដ្រីរាជការ អាជ្ញាធរខេត្តក្រចេះ ជាមួយពុទ្ធបរិស័ទ ធ្វើកិច្ចបទ មស្សការបង្សុកូល ព្រមទាំង បាននាំយកនូវបច្ច័យ ទេយ្យ ទានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខ វេរប្រគេនព្រះសង្ឃ ដើម្បី ឧទ្ទិស នូវផល្លា អានិសង្ឃជូនទៅដល់ព្រះវិញ្ញាណក្ខន្ធ ព្រះចៅធិការវត្តសសរ១០០គ្រប់ៗជំនាន់ និងឧទ្ទិសដល់ដួងវិញ្ញានក្ខន្ធ និងបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន និងជូនចំពោះវិញ្ញាណក្ខន្ធវិរកងទ័ព បុព្វបុរសអ្នក ស្នេហា ជាតិ ដែលបានពលីអាយុជីវិត ដើម្បីភាពគង់វង្សនៃបូរណភាពទឹកដី ជាតិមាតុភូមិឱ្យទទួលបានសុខសន្ដិភាព ភាព រីកចម្រើន សម្បូរណ៍រុងរឿង។


សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ក៏បានបួងសួងថ្វាយព្រះពរជ័យបវរមហាប្រសើរ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរជ័យដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើនគ្រប់ៗព្រះអង្គ និងគ្រប់ៗគ្នា ជាពិសេស សូមគ្រប់ក្រុមគ្រួសារចៀសផុតពីជំងឺកាចសាហាវ ប្រទេសជាតិជួបតែនឹងសេចក្តីសុខ សេចក្តីចម្រើន មានសុខសន្តិភាព សម្បូរណ៍កសិផល សម្បូរណ៍ទេសចរណ៍ ជៀសផុតពី គ្រោះ រាំងស្ងួត៕
ដោយ សួស សំរិត





