សិក្ខាសាលាតម្រង់ទិសស្ដីពីការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សាកម្រិតមធ្យមសិក្សា
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥-- នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំសិក្ខាសាលាតម្រង់ទិសស្ដីពីការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សាកម្រិតមធ្យមសិក្សា ដោយមានការចូលរួមពីផ្នែកពាក់ព័ន្ធជាច្រើនរូប ក្រោមអធិបតី ឯកឧត្ដមបណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រព្រឹត្តទៅនៅវិទ្យាល័យអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត កុលផេង វឌ្ឍនា បានគូសបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលាតម្រង់ទិសនេះធ្វើឡើង ដើម្បីផ្ដល់នូវការយល់ដឹងជាមូលដ្ឋានអំពីកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្តល់ប្រឹក្សាជូនដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង និងគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាគោលដៅចំនួន១០ ដើម្បីត្រៀមរៀបចំអនុវត្តកម្មវិធីនេះនៅកម្រិតសាលារៀនចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមក្របខណ្ឌនៃការអនុវត្តគម្រោងការលើកកម្ពស់ការអប់រំពេញមួយជីវិត តាមរយៈកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សាកម្រិតមធ្យមសិក្សា ដែលទទួលបានហិរញ្ញប្បទានគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជា។


ឯកឧត្ដអនុរដ្ឋលេខាធិការបានឱ្យដឹងថា ចាប់ពីឆ្នាំ២០២៣មក អង្គការភ្លែនអន្តរជាតិកម្ពុជាបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ធ្វើការបណ្ដុះបណ្ដាលគ្រូប្រឹក្សាតាមសាលារៀនបានចំនួន ៥២នាក់ ស្រី ២៧នាក់ និងបានជួយសិស្សក្នុងសាលារៀនគោលដៅចំនួនប្រហែល ៦០ ០០០នាក់៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





