កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ពង្រឹងយុទ្ធនាការផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ដើម្បីទប់ស្កាត់បទល្មើសក្នុងរដូវបុណ្យភ្ជុំបិណ្ឌ
AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥-- ឆ្លើយតបទៅនឹងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បាននិងកំពុងបន្តពង្រឹងការអនុវត្តយុទ្ធនាការចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» យ៉ាងសកម្មដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីរួមគ្នាទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។

នេះបើយោងតាមប្រសាសន៍របស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ គោលដៅចម្បងនៃការអនុវត្តយុទ្ធនាការនេះ គឺដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសក្នុងកំឡុងពេលដែលពលរដ្ឋភាគច្រើនបានធ្វើដំណើរទៅតាមបណ្តាខេត្តនានា និងទៅវត្តអារាម។

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានលើកឡើងបន្ថែមថា យុទ្ធនាការនេះត្រូវបានអនុវត្តដោយកម្លាំងនគរបាលគ្រប់អធិការដ្ឋានក្រុង-ស្រុកទាំងអស់ ក៏ដូចជាកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាមឃុំ-សង្កាត់នានា។ ពួកគេបានចុះផ្សព្វផ្សាយដោយផ្ទាល់តាមរយៈវេទិកាសាធារណៈនៅតាមមូលដ្ឋាន និងវត្តអារាមនានា ដោយបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ យាយជី តាជី និងព្រះសង្ឃ ដើម្បីពន្យល់អំពីសារៈសំខាន់នៃការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុច។
ខ្លឹមសារនៃការចុះផ្សព្វផ្សាយនេះផ្តោតសំខាន់លើចំណុចជាច្រើន រួមមាន ច្បាប់ទូទៅ និងច្បាប់ចរាចរណ៍ផ្លូវគោក៖ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយការបើកបរមិនគោរពច្បាប់។

ផលប៉ះពាល់នៃគ្រឿងញៀន បង្កើនការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យរាយការណ៍ពីបទល្មើសនេះ។ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការឆ្លងដែនខុសច្បាប់៖ លើកកម្ពស់ការប្រុងប្រយ័ត្ន និងការសហការជាមួយអាជ្ញាធរ។ ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុច ជំរុញឱ្យប្រជាពលរដ្ឋក្លាយជាដៃគូសហការដ៏សំខាន់ក្នុងការថែរក្សាសន្តិសុខសង្គម។ តាមរយៈការផ្សព្វផ្សាយនេះ លោកស្នងការរំពឹងថា នឹងអាចពង្រឹងទំនាក់ទំនងរវាងកម្លាំងនគរបាល និងប្រជាពលរដ្ឋឱ្យកាន់តែមានភាពស្និទ្ធស្នាល និងជឿទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរួមគ្នាលុបបំបាត់បទល្មើសគ្រប់ប្រភេឱ្យមានការថយចុះជាបន្តបន្ទាប់។

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានសង្កត់ធ្ងន់ដែរថា លោកតែងតែដាក់ចេញនូវផែនការ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលទូទាំងខេត្តឱ្យពង្រឹងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ ក្រុមបងតូចបងធំ (ក្មេងទំនើង) បទល្មើសជួញដូរគ្រឿងញៀន និងការឆ្លងដែនខុសច្បាប់។ ការប្តេជ្ញាចិត្តនេះ គឺក្នុងគោលបំណងធានាឱ្យខេត្តបន្ទាយមានជ័យទាំងមូលមានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរជានិច្ច៕
ដោយ ឈុន សារ៉ាត





