បទយកការណ៍៖ ទំនៀម នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌធ្វើឡើងតាមព្រះសម្មាសម្ពុទ្ធ ខណៈការវេចនំអន្សម នំគម ជាទំនៀមក្នុងព្រហ្មញ្ញសាសនា
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥--ពិធីភ្ជុំបិណ្ឌត្រូវបានចែកចេញពីរយ៉ាងផ្សេងគ្នា គឺទី១ ជាពិធីកាន់បិណ្ឌ និងទី២ ជាពិធីភ្ជុំបិណ្ឌ ដែលពិធីកាន់បិណ្ឌត្រូវប្រព្រឹត្តឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ ហើយចំណែកថ្ងៃ១៥រោច ខែភទ្របទ ជាថ្ងៃនៃពិធីភ្ជុំបិណ្ឌ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ បានធ្វើឡើងតាំងតែសម័យពុទ្ធកាលមកម៉្លេះ ពោលគឺតាំងតែពីព្រះសម្មាសម្ពុទ្ធបានបង្កើតសាសនាឡើង ដែលព្រះអង្គបានបង្កើតឱ្យមានពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះឡើងតែម្តង។

បើតាមអ្នកសិក្សាស្រាវជ្រាវផ្នែកព្រះពុទ្ធសាសនាបានឱ្យដឹងថា ការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះឡើងដោយព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើងទ្រង់យល់ឃើញថា រដូវវស្សាគឺជារដូវដែលមានភ្លៀងធ្លាក់យ៉ាងជោកជាំ ជាហេតុធ្វើឱ្យព្រះសង្ឃពិបាកក្រៃពេកក្នុងការនិមន្តគោចរបិណ្ឌបាត្រតាមផ្ទះរបស់អ្នកស្រុក អ្នកភូមិ ហើយឱ្យព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តឱ្យប្រជាពុទ្ធបរិស័ទមកធ្វើបុណ្យនៅតាមវត្តរួមគ្នាក្នុងគ្រាដែលព្រះសង្ឃចូលចាំព្រះវស្សារយៈពេលមួយត្រីមាស ឬបីខែនេះ ដោយពុទ្ធបរិស័ទត្រូវនាំគ្នាប្រមែប្រមូលនូវចង្ហាន់ រួមនឹងសម្ភារសព្វគ្រប់បែបយ៉ាង ដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃ កុំឱ្យព្រះសង្ឃនិមន្តចេញទៅបិណ្ឌបាត្រនៅក្រៅវត្ត។ ចំណែកឯ ការវេចអន្សម នំគម ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ គឺជាទំនៀមក្នុងព្រហ្មញ្ញសាសនា មិនមែនជាទំនៀម ឬកិច្ចក្នុងព្រះពុទ្ធសាសនានោះទេ។ ប៉ុន្ដែការធ្វើពិធីនេះគឺជាការផ្សារភ្ជាប់គ្នារវាងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាដែលខ្មែរបានប្រារព្ធឡើងជាមួយពិធីបុណ្យភ្ជុំបិណ្ឌតរៀងមកជាយូរលង់ណាស់មកហើយ។

លោក សន ស៊ីន សាស្ត្រាចារ្យពុទ្ធិកសកលព្រះសីហនុរាជ ដោយលោកបានគូសបញ្ជាក់ថា តាមពិតទៅកាលពីសម័យដែលព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើងទ្រង់មានព្រះវត្តមាននៅឡើយ ដោយលោកបានចាត់ឱ្យធ្វើពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះឡើងក្នុងរយៈពេលពេញមួយត្រីមាស គឺរយៈពេលពេញបីខែនារដូវវស្សាដែលមាន ភ្លៀងធ្លាក់យ៉ាងជោកជាំ។ លោកសាស្ត្រាចារ្យបានថ្លែងថា ហេតុដែលព្រះសម្មាសម្ពុទ្ធលោកបានចាត់តាំងឱ្យមានធ្វើពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះឡើងគឺអាស្រ័យដោយព្រះអង្គយល់ឃើញថា រដូវវស្សាគឺជារដូវដែលមាន ភ្លៀងធ្លាក់យ៉ាងជោកជាំ ជាហេតុធ្វើឱ្យព្រះសង្ឃពិបាកក្រៃពេកក្នុងការនិមន្តគោចរបិណ្ឌបាត្រតាមផ្ទះរបស់អ្នកស្រុក អ្នកភូមិ។ ដូចនេះហើយព្រះអង្គទ្រង់ក៏បានសម្រេចឱ្យមានធ្វើកិច្ចបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះឡើងតែម្តងទៅ ដោយឱ្យព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្ត រួចហើយឱ្យប្រជាពុទ្ធបរិស័ទមកធ្វើបុណ្យនៅតាមវត្តរួមគ្នាក្នុងគ្រាដែលព្រះសង្ឃចូលចាំព្រះវស្សារយៈពេលមួយត្រីមាស ឬបីខែនេះ ដោយពុទ្ធបរិស័ទត្រូវនាំគ្នាប្រមែប្រមូលនូវចង្ហាន់ រួមនឹងសម្ភារសព្វគ្រប់បែបយ៉ាង ដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃ កុំឱ្យព្រះសង្ឃនិមន្តចេញទៅបិណ្ឌបាត្រនៅក្រៅវត្តតាមផ្ទះរបស់អ្នកស្រុក អ្នកភូមិទៀត ព្រោះខែវស្សាគឺព្រះសង្ឃពិបាកណាស់ក្នុងការនិមន្តចេញបិណ្ឌបាត្រម្តងៗ។ ដូច្នេះ ទើបព្រះសម្មាសម្ពុទ្ធលោកបានអនុញ្ញាតឱ្យមានពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះឡើង តាំងតែពីព្រះអង្គលោកបានត្រាស់ដឹងមកម៉្លេះ។

ទាក់ទងទៅនឹងវត្តមាននៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះនៅប្រទេសកម្ពុជាវិញ លោកសាស្ត្រាចារ្យ សន ស៊ីន បានអះអាងថា ក្នុងរាជព្រះបាទអង្គឌួង ព្រះអង្គទ្រង់បានចាត់ឱ្យពលរដ្ឋខ្មែរធ្វើពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះឡើងដោយមានរយៈពេលត្រឹមតែ១៥ថ្ងៃ ដើម្បី ទី១. ឱ្យព្រះសង្ឃងាយស្រួលក្នុងការរកចង្ហាន់ ទី២. ដើម្បីឱ្យពុទ្ធបរិស័ទចំណុះជើងវត្តមានឱកាសនៅក្នុងការបំពេញបុណ្យនៅក្នុងពេលនេះផង និងទី៣. ដើម្បីជាការប្រជុំវេនទាំង១៤ ធ្វើពិធីជួបជុំគ្នានៅថ្ងៃភ្ជុំធំ ដើម្បីបង្ហាញនូវការសាមគ្គីគ្នារបស់ពុទ្ធ បរិស័ទចំណុះជើងវត្តដែលបានរួមគ្នាវេចនំអន្សម នំគម សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌនេះ។ មួយវិញទៀតគឺធ្វើការប្រមែប្រមូលបងប្អូន កូនចៅ សាច់ញាតិ ដែលនៅឆ្ងាយពីគ្នាឱ្យមកជួបជុំគ្នានៅក្នុងវេលានៃ ពិធីបុណ្យនេះផង និងមួយផ្នែកទៀតនៃពិធីបុណ្យភ្ជុំបិណ្ឌនេះក៏ធ្វើឡើងដើម្បីឧទ្ទិសមហាកុសលជូនដល់ អ្នកស្លាប់ ដែលរួមមាន ជីដូនជីតា ឪពុកម្តាយ សាច់សាលោហិត ដោយយើងពុំបានដឹងថាពួកគាត់បាន ស្ថិតនៅទីណា ឬទៅកើតជាថ្មីនៅទីណានោះទេនេះម្យ៉ាង។ លោកសាស្រ្ដាចារ្យបានសង្កត់ធ្ងន់ថា៖ «បុណ្យភ្ជុំបិណ្ឌនេះម្យ៉ាងទៀតក្រែងលោពួកគាត់កើតទៅជាប្រេត ក្រែងលោពួកគាត់កើតទៅជានរកតិរិច្ឆានអ្វីផ្សេងៗ នោះទើបមានពិធីបុណ្យភ្ជុំបិណ្ឌនេះឡើងដើម្បីឧទ្ទិសកុសលជូនទៅដល់ពួកគាត់ បើពួកគាត់បានកើតទៅជាប្រេត ជានរកតិរិច្ឆាន សូមឱ្យពួកគាត់បានរួចចាកទុក្ខដោយសារកម្លាំងមហាកុសលដែលកូនចៅធ្វើបុណ្យបញ្ជូនទៅឱ្យ»។

ផ្សារភ្ជាប់ទៅនឹងទំនៀមទម្លាប់នៃការវេចនំអន្សម នំគម សម្រាប់ឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ លោកសាស្ត្រាចារ្យ សន ស៊ីន បានថ្លែងបញ្ជាក់ឱ្យដឹងថា តាមពិតទៅការវេចនំអន្សម នំគម សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌនេះវាមិនមែនជាកិច្ចនៅក្នុងព្រះពុទ្ធសាសនានោះទេ តែវាជាទំនៀមក្នុងព្រហ្មញ្ញសាសនាទៅវិញទេ។ តែដោយសារតែពលរដ្ឋខ្មែរតែងតែមានបេះដូងក្នុងការផ្សារភ្ជាប់គ្នារវាងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាជាយូរលង់ណាស់មកហើយ ក៏មិនអាចបេះឱ្យដាច់ចេញពីគ្នាបានដែរ នោះទើបនាំឱ្យមានការវេចនំអន្សម នំគម ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះឡើង។

បើតាមការសិក្សាស្រាវជ្រាវរបស់ លោក លោកសាស្ត្រាចារ្យ សន ស៊ីន យល់ឃើញថា៖ «នេះគឺគ្រាន់តែជាទំនៀមទម្លាប់របស់ខ្មែរបុរាណដែលបានរៀបចំឡើង ដើម្បីឱ្យកូនចៅទាំងឡាយបានជួបជុំគ្នានៅពេលបុណ្យទាន ជាពិសេសនៅពេលវេចនំអន្សម នំគម រួចហើយនៅពេលដែលនំបានចម្អិនឆ្អិនកាលណានឹងបានទទួលទានសប្បាយរីករាយជាមួយគ្នា ព្រោះថាអាចយូរៗបានជួបជុំគ្នាម្តង។ ម្យ៉ាងវិញទៀតនំអន្សម និងនំគម នេះអាចរក្សាទុកបានយូរ ដោយការឆ្អើរវាទុកទទួលទានបានច្រើនថ្ងៃ។»

យោងតាមការចងក្រង និងសិក្សាស្រាវជ្រាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ចំពោះពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរយើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី០១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ដែលជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់បេតជនញាតិដែលបានស្លាប់ទៅ។ នៅក្នុងរយៈពេល១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ជាពិសេសក្រុមនីមួយៗដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ៣ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ ឬធ្វើភត្តាហារជា៣ទៅ៤ឆ្នាំង ស្មើនឹង៣ទៅ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយដើម្បីប្រមូលនំនែករៀបចំបាយបិណ្ឌ បាយបត្តបូរ។ បន្ទាប់ពីរៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសូត្រថ្វាយបង្គំធម៌ សុខោ និងធម៌បរាភវសូត្រ។ ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរឬស្លស្លុកតាមមុខម្ហូបនីមួយៗ ដោយឡែកពីគ្នា លុះដល់ពេលព្រឹកព្រាងអរុណោទ័យត្រូវនាំគ្នារៀបចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។

នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពីធីរាប់បាត្រនៅលើឧបដ្ឋានសាលា បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជនាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យនៅក្នុងថ្ងៃវេនរបស់ខ្លួននោះផងដែរ។ ការប្រគេនចង្ហាន់ដល់ព្រះសង្ឃត្រូវបានធ្វើឡើងដើម្បីឧទ្ទិសកុសលទៅជីដូនជីតាងបងប្អូន និងញាតិទាំង៧សណ្តាន ដែលបានស្លាប់ក្លាយជាប្រេតហើយត្រួវបានជាប់ឃុំនៅក្នុងនរក ។
ចំណែកក្នុងការបើកទ្វារនរកនេះ ប្រេតខ្លះ មានឱកាសរួចផុតពីការជាប់ទារុណកម្មនៅនរក ខណៈដែលខ្លះទៀតត្រូវបានគេដោះលែងឱ្យនៅក្រៅនរកជាបណ្តោះអាសន្នដើម្បីទៅទទួលយកនូវចំណី និងកុសលផលបុណ្យដែលកូនចៅបានឧទ្ទិសឱ្យ ហើយនឹងត្រូវត្រឡប់ទៅទទួលទុក្ខវេទនានៅក្នុងនរកបន្តទៀត បន្ទាប់ពីពិធីភ្ជុំបិណ្ឌនេះត្រូវបានបញ្ចប់។ ចំពោះញាតិសណ្តានដែលមិនបាននៅក្នុងនរកក៏ដោយក្តី ក៏ត្រូវបានគេចាត់ទុកថាអាចទទួលបាននូវកុសល ក្នុងពិធីបុណ្យនេះផងដែរ៕
ដោយ៖ ចាន់ សុភឿន និង មករា





