មន្ទីរសុខាភិបាលខេត្តកំពង់ធំរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត
AKP កំពង់ធំ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ -- មន្ទីរសុខាភិបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ របស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តក្រោមអធិបតីភាពលោក អ៊ុង វទ្ធី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារលុបបំបាត់ជម្ងឺគ្រុនចាញ់ខេត្ត នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ ដោយមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងទាំង៣ អភិបាលរងក្រុង ស្រុក និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំងបី។

លោក អ៊ុង វទ្ធី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិ ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជាឱ្យបាននៅត្រឹមឆ្នាំ២០២៥ តាមរយៈកិច្ចសហការពីក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងការអនុវត្តវិធានការនានាដូចជាការផ្តល់មុងជ្រលក់ថ្នាំ ការធ្វើតេស្តរហ័សនិងព្យាបាលភ្លាមៗ ជាពិសេសនៅតំបន់ដែលមានហានិភ័យខ្ពស់។

លោកអភិបាលរងខេត្ត បានបន្តថា ការលុបបំបាត់ជំងឺគ្រុនចាញ់មិនអាចសម្រេចទៅបានដោយគ្រាន់តែជាការនិយាយដោយថ្នាក់ដឹកនាំខេត្ត ក្រសួង ឬមន្ត្រីសុខាភិបាលនោះឡើយ ប៉ុន្តែដើម្បីអាចសម្រេចបាននូវការលុបបំបាត់ទាំងស្រុងនូវជំងឺគ្រុនចាញ់ គឹត្រូវមានការចូលរួមទាំងអស់គ្នា ហើយស្តាប់ការណែនាំនិងអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានរបស់យើងទៅលើការបង្ការ និងកាត់ផ្តាច់ឱ្យខានតែបាននូវជំងឹគ្រុនចាញ់ ជាពិសេសការជំរុញឱ្យមានការបណ្តុះបណ្តាលដល់បុគ្គលិកសុខាភិបាល និងអ្នកស្ម័គ្រចិត្តភូមិ ដើម្បីបង្កើនការយល់ដឹង និងការចូលរួមរបស់សហគមន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់។

លោក អ៊ុង វុទ្ធី ដែលជាប្រធានក្រុមការងារលុបបំបាត់ជម្ងឺគ្រុនចាញ់ថ្នាក់ខេត្តផងដែរនោះ បានសំណូមពរដល់អង្គភាពពាក់ព័ន្ធនានា ជាពិសេសមន្ទីរសុខាភិបាលខេត្ត ត្រូវកំណត់នូវបញ្ហាប្រឈម និងឧបសគ្គសំខាន់ៗ ការងារគ្រុនចាញ់ និងពិភាក្សា រកដំណោះស្រាយបញ្ហា ព្រមទាំងលើកទិសដៅ យុទ្ធសាស្ត្របន្តកម្រិតថ្នាក់ខេត្ត ស្រុកប្រតិបត្តិ និងប្តេជ្ញាចិត្តលុបបំបាត់ជំងឺគ្រុនចាញ់ ឱ្យបានជាស្ថាពរ ស្របតាមផែនការយុទ្ធសាស្ត្រជាតិ៕
ដោយ: ស៊ុម វណ្ណា





