ជំនួបរវាងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងកាកបាទក្រហមកម្ពុជា (CRC)
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ -- នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី0៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងពិភាក្សាការងារជាមួយតំណាងគណ:ប្រតិភូគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហម ( ICRC ) ដឹកនាំដោយលោក ច័ជ ម៉ុនតានី ( Jurg Montani ) ប្រធានប្រចាំតំបន់ដែលមានទីតាំងនៅទីក្រុងបាងកក ប្រទេសថៃ។

លោកជំទាវអគ្គលេខាធិការ បានលើកឡើងដោយសង្ខេបអំពីសកម្មភាពជាចម្បងរបស់ កាកបាទក្រហមកម្ពុជា ក្នុងការគាំទ្រជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពជូនដល់គណៈប្រតិភូ (ICRC) ដែលមានដូចជា ការផ្តល់អំណោយស្បៀងអាហារ និងឧបករណ៍ប្រើប្រាស់ចាំបាច់ ការចូលរួមសកម្មរបស់យុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្តក្នុងការផ្សព្វផ្សាយសុខភាពអនាម័យ ការអប់រំ និងបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់អំពីមីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់បែកចង្កោម ព្រមទាំងសកម្មភាពមនុស្សធម៌ផ្សេងៗទៀតដើម្បីគាំទ្រជីវភាពរស់នៅរបស់ជនភៀសសឹក។

តាមការបញ្ជាក់ពី ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ថ្ងៃនេះជាឱកាសដ៏ល្អប្រសើរ ដោយសារថ្ងៃនេះបានប្រធានប្រចាំតំបន់ ដែលជាលើកទីមួយមកទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយបានជួបជាមួយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។ ជំនួបនេះ គឺជាការចាត់ចែងជាផ្លូវការដើម្បីនិយាយអំពីកិច្ចសហប្រតិបត្តិការកាកបាទក្រហមកម្ពុជាជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ហើយមួយទៀត គឺពាក់ព័ន្ធជាមួយរឿងដំណឹងរបស់យុទ្ធជនរបស់យើងទាំង ១៨នាក់ដែលត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តមក៏បានជម្រាបជូនផងដែរថា លោក ច័ជ ម៉ុនតានី បានសម្ដែងការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងចំពោះសកម្មភាពឆ្លើយតបដ៏ត្រឹមត្រូវ និងទាន់ពេលវេលារបស់កាកបាទក្រហមកម្ពុជា។
ក្រុមការងារ ICRC បានចុះសួរសុខទុក្ខយុទ្ធជនទាំង ១៨នាក់ និងបានប្រគល់សារដំណឹងដែលកាកបាទក្រហមកម្ពុជាទទួលបានពីភរិយា និងកូនរបស់ពួកគាត់ទាំង ១៨នាក់ ហើយពួកគាត់ទាំង ១៨នាក់ក៏បានសរសេរសារតបត្រឡប់មកវិញ ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។ ហើយសារទាំងនោះក៏ត្រូវបាន ICRC ប្រគល់មកកាកបាទក្រហមកម្ពុជានៅក្នុងជំនួបនោះដែរ ដើម្បីឱ្យកាកបាទក្រហមកម្ពុជាបន្តប្រគល់ជូនគ្រួសាររបស់កងទ័ព។

ឯកឧត្តមបានសង្កត់ធ្ងន់ថា «សារដំណឹងគ្រួសារនេះ មិនមាននរណាម្នាក់ដឹងពីខ្លឹមសារនៅក្នុងលិខិតក្រៅពីសាមីខ្លួន និងក្រុមគ្រួសារតែប៉ុណ្ណោះ សូម្បីតែមន្ត្រីបុគ្គលិករបស់កាកបាទក្រហមកម្ពុជាក៏មិនអាចដឹងបានដែរ ព្រោះនេះជាការសម្ងាត់។ ដោយឡែក ពាក់ព័ន្ធជាមួយរូបភាព គឺយើងមិនអាចបញ្ចេញរូបភាពឱ្យច្បាស់លាស់បានទេ គឺស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ»។
គួរបញ្ជាក់ថា ក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ភាគីទាំងអស់ក្នុងជម្លោះប្រដាប់អាវុធអន្តរជាតិ មានកាតព្វកិច្ចធានាថា ចំណាប់ខ្មាំង និងគ្រួសាររបស់ពួកគេ នៅតែមានលទ្ធភាពរក្សាទំនាក់ទំនងដឹងពីសុខទុក្ខគ្នា។ កាកបាទក្រហមមានតួនាទីសំខាន់ក្នុងការរក្សាទំនាក់ទំនងគ្រួសារ ដោយសារកាកបាទក្រហមផ្តោតតែព័ត៌មានគ្រួសារប៉ុណ្ណោះ។
គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានបញ្ជាក់បន្ថែមថានឹងបន្តខិតខំប្រឹងប្រែងក្នុងការគាំទ្រផ្នែកមនុស្សធម៌ និងធានាថា ការរក្សាទំនាក់ទំនងគ្រួសារត្រូវបានរក្សាទុកក្នុងអំឡុងពេលមានជម្លោះ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





