ឯកឧត្តម ហ៊ឺ តារា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីវប្បធម៌ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ -- ឯកឧត្តម ហ៊ឺ តារា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីវប្បធម៌ ស្តីពីវប្បធម៌ បេតិកភណ្ឌ សិល្បៈ ការបរិយាយ ឬនិទានរឿងរ៉ាវការទូត និងនវានុវត្តន៍ ឆ្នាំ២០២៥ (CHANDI 2025) ដែលបានប្រារព្ធធ្វើនៅកោះបាលី សាធារណៈរដ្ឋឥណ្ឌូណេស៊ី។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ឺ តារា បានលើកយកចំណុចសំខាន់ៗ ស្តីពីគោលជំហរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព ហើយកម្ពុជាបានត្រៀមខ្លួនរួចស្រេចក្នុងការចូលរួម សហការជាមួយបណ្តាប្រទេសជាដៃគូ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវរដ្ឋមន្ត្រី ថ្នាក់ដឹកនាំតំណាងក្រសួងវប្បធម៌ អង្គទូត ព្រមទាំងអ្នកជំនាញវិស័យវប្បធម៌ជាច្រើនរយនាក់មកពីបណ្តាប្រទេសចំនួនជាង៤០ ផងដែរ។

ថ្លែងក្នុងសន្ទរកថាបិទកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ហ្វាឌី ហ្សុន (Fadli Zon) បានអំពាវនាវ សូមឱ្យស្មារតីនៃកិច្ចសហការ ការរួបរួម និងការច្នៃប្រឌិតដែលបង្កប់នៅក្នុងកិច្ចប្រជុំកំពូលនេះ បន្តជម្រុញភាពជាដៃគូសហការអន្តរជាតិ និងពង្រឹងចក្ខុវិស័យរួមរបស់យើងអំពីវប្បធម៌សម្រាប់ពេលអនាគត៕
ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)





