កម្ពុជា ទទួលបានចំណូល ៣៤៨.១៨លានដុល្លារ ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៨ខែនៃឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥–កម្ពុជា បាននាំចេញអង្ករចំនួន ៤៧២ ៨០៣តោន ទៅកាន់ទីផ្សារអន្តរជាតិតាមរយៈក្រុមហ៊ុនចេញអង្ករចំនួន ៥១ក្រុមហ៊ុន សម្រេចបានទឹកប្រាក់ប្រមាណ ៣៤៨.១៨លានដុល្លារ ក្នុងរយៈពេល ៨ខែនៃឆ្នាំ២០២៥។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងរយៈពេល៨ខែនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៧២ ៨០៣តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៦។
របាយការណ៍នេះបានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦បានបរិមាណអង្ករចំនួន ២២ ៦៩១តោន គិតជាទឹកប្រាក់ចំនួន ១៧៦.៣៣លានដុល្លារ, ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១១៦ ៣២០តោន គិតជាទឹកប្រាក់ចំនួន ៦៨.៨៦លានដុល្លារ និងទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៧ប្រទេសបានបរិមាណចំនួន ៦២ ១៥៨តោន គិតជាទឹកប្រាក់ចំនួន ៤៣.៥០លានដុល្លារ។
បន្ថែមពីនេះ កម្ពុជាក៏បាននាំទៅកាន់គោលដៅ ៣២ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៦៧ ៤១១តោន គិតជាទឹកប្រាក់ចំនួន ៥៩.៤៨លានដុល្លារ។
គួរបញ្ជាក់ដែរថា ចំពោះប្រភេទអង្ករដែលបាននាំចេញអង្កររួមមាន អង្ករក្រអូបចំនួន ៨៧ភាគរយ, អង្ករសគ្រាប់វែង ៩.៧២ភាគរយ, អង្ករចំហ៊ុយ ១ភាគរយ, អង្ករសរីរាង្គចំនួន ១.៨៣ភាគរយ និងអង្ករផ្សេងៗចំនួន ០.៤៥ភាគរយ។ ជាមួយគ្នានេះដែរ កម្ពុជាក៏បាននាំចេញស្រូវចំនួន ៤ ៨៤៨ ៨៣៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ១១១៤.២៥លានដុល្លារសហរដ្ឋអាមេរិក៕

ដោយ៖ ស្រីពេជ្រ





