ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តតុំ
AKP តាកែវ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥--ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោកលោកស្រីអភិបាលរងខេត្តប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងពុទ្ធបរិស័ទចំណុះជើងវត្តកាលពី ព្រឹកថ្ងៃទី08ខែកញ្ញាឆ្នាំ2025 បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តតុំ ស្ថិតនៅភូមិតុំសង្កាត់រកាក្រៅក្រុងដូនកែវខេត្តតាកែវ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ជាតិយើង ដែលបានបន្សល់ទុកតាំងពីបុរាណកាលមក។ពិធីនេះមិនត្រឹមតែជាការបង្ហាញនូវជំនឿសាសនាតាមរយៈការធ្វើបុណ្យទានឧទ្ទិសកុសលជូនដល់ជីដូនជីតាបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខនោះទេ តែវាក៏ជាឱកាសសម្រាប់បងប្អូនកូនចៅបានជួបជុំគ្នា ប្រមូលផ្ដុំសាមគ្គីភាព និងបង្ហាញពីការដឹងគុណចំពោះអ្នកមានគុណផងដែរ។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត។ពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃ១រោចដល់ថ្ងៃ១៥រោចខែភទ្របទជារៀងរាល់ឆ្នាំ។ចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោច គេហៅថាថ្ងៃដាក់បិណ្ឌឬកាន់បិណ្ឌ ចំណែកថ្ងៃ១៥រោចគេហៅថាថ្ងៃភ្ជុំបិណ្ឌឬភ្ជុំធំ ដែលមានន័យថាថ្ងៃជួបជុំគ្នាចុងក្រោយនៃពិធីបុណ្យកាន់បិណ្ឌ។
ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌហើយ បងប្អូនកូនចៅសាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិតឬទីឆ្ងាយតែងតែធ្វើដំណើរ ទៅជួបជុំឪពុកម្ដាយបងប្អូនកូនចៅនៅស្រុកកំណើត។ពេលជួបជុំគ្នាបានរៀបចំម្ហូបអាហារបាយសម្លជាចង្ហាន់ យកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ព្រមទាំងឧទ្ទិសកុសលជូនដល់ញាតិសន្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យវិស័យពុទ្ធចក្រនិងអាណាចក្រនៅប្រទេសកម្ពុជាយើង កំពុងតែមានការរីកចម្រើនទន្ទឹមគ្នា។សំណង់វត្តអារាមនៅទូទាំងប្រទេស កាន់តែមានការរីកចម្រើនដុះដាលឡើង សាលារៀននៅក្នុងវិស័យពុទ្ធសាសនាក៏ត្រូវបានបង្កើតឡើង ដើម្បីបណ្ដុះបណ្ដាលសិក្សារៀនសូត្រតាមផ្លូវពុទ្ធចក្រ។សំណង់ដែលបានកើតឡើងទាំងអស់ក្នុងវិស័យពុទ្ធចក្រ ភាគច្រើនបានមកពីការចូលរួមកសាង ពីសំណាក់ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ ព្រមទាំងមានការចូលរួមពីបងប្អូនខ្មែរនៅក្រៅប្រទេសផងដែរ។និយាយជារួមបច្ចុប្បន្នវិស័យពុទ្ធសាសនា នៅក្នុងប្រទេសកម្ពុជាយើង ពីមួយថ្ងៃទៅមួយថ្ងៃមានការរីកចម្រើនទៅមុខជានិច្ច។

ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ទៀតថា ការចូលរួមរបស់បងប្អូនទាំងអស់គ្នានៅពេលនេះ គឺជាការរួមចំណែកដ៏ធំធេងក្នុងការថែរក្សា និងបន្តវប្បធម៌ដ៏ល្អផូរផង់របស់ដូនតាខ្មែរយើង ឱ្យនៅគង់វង្សជារៀងរហូត។ នេះជាការរំលឹកដល់ក្មេងជំនាន់ក្រោយឱ្យយល់ច្បាស់ពីឫសគល់នៃជំនឿ និងតម្លៃនៃសាមគ្គីភាពនៅក្នុងសង្គម។ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តចូលរួមធ្វើបុណ្យទាន និងថែរក្សាសុខសន្តិភាពនៅក្នុងសង្គម ព្រោះថាមានតែសន្តិភាពទេ ទើបយើងអាចប្រារព្ធនូវពិធីបុណ្យតាមប្រពៃណីដ៏ល្អផូរផង់នេះបានជារៀងរាល់ឆ្នាំ។
ជាចុងក្រោយ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទទាំងអស់ បានចូលបច្ច័យនិងប្រគេនទេយ្យ ដល់ព្រះសង្ឃដែលរង់ចាំព្រះវស្សា ក្នុងពុទ្ធសីមាវត្តតុំស្ថិតក្នុងភូមិតុំសង្កាត់រកាក្រៅក្រុងដូនកែវខេត្តតាកែវ៕
ដោយ៖ អ៊ុច សៀង





