រដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីសូត្រមន្តកាន់បិណ្ឌវេនទី២នៅវត្តពុទ្ធជិនរាជឃុំសានគរ
AKP កំពង់ធំ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ --កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥រដ្ឋបាលខេត្តកំពង់ធំបានរៀបចំពិធីសូត្រមន្តវេទទី២នៅវត្តពុទ្ធជិនរាជស្ថិតនៅឃុំសានគរស្រុកកំពង់ស្វាយខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការនិងប្រជាពុទ្ធបរិស័ទជាច្រើននាក់។

បន្ទាប់ពីធ្វើកិច្ចគោរពបូជា ផ្កាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកា ព្រះរតនត្រ័យទៅតាមគន្លងព្រះពុទ្ធសាសនារួចមកថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាជការ បានវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ទៅតាមពុទ្ធានុញ្ញាត្តិ ព្រមទាំងបានឧទ្ទិសកុសលផលបុណ្យជូនឯកឧត្តម លោកជំទាវ លោកយាយ លោកតា ពុទ្ធបរិស័ទ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងមូល សូមទទួលបាននូវមគ្គផល កុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជួបប្រកបតែនូវពុទ្ធពរ ទាំង៥ប្រការ គឺអាយុ វណ្ណ: សុខ: ពល: និង បដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ។

បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោចខែភទ្របុត្រ។ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យកាន់បិណ្ឌ ថ្នាក់ដឹកនាំខេត្តកំពង់ធំ និងប្រជាពុទ្ធបរិស័ទតែងតែរួមគ្នាធ្វើបុណ្យ ធ្វើទានតាមទីអារាម ដោយបាននាំយកនូវគ្រឿង សក្ការបូជានិងទេយ្យទាន មានគ្រឿងឧបភោគបរិភោគ បច្ច័យយកមកប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូន ជីតា ញាតិការទាំង៧សន្ដាន ដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌនេះ ឱ្យបានទៅសោយសុខ នៅទីស្ថានបរមសុខគ្រប់ៗជាតិ។

ក្នុងពិធីកាន់បិណ្ឌវេនទី២ ប្រកបដោយទឹកចិត្តជ្រះថ្លានេះរដ្ឋបាលខេត្តកំពង់ធំ បានប្រគេនបច្ច័យកសាងចំនួន ២លានរៀល បច្ច័យចង្ហាន់ចំនួន១លាន៥សែនរៀល អង្ករ ១តោន ទឹកសុទ្ធ ២០កេសនិងបច្ច័យប្រគេនដល់ព្រះសង្ឃមួយអង្គៗផងដែរ៕
ដោយ៖ ស៊ុម វណ្ណា





