កិច្ចប្រជុំបង្ហាញលទ្ធផលនៃការការពារទប់ស្កាត់និងបង្ក្រាបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥--នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែសីហានិងដាក់ចេញនៅទិសដៅអនុវត្តបន្តក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំកាលពីថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២៥ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារទប់ស្កាត់និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបានឡើងធ្វើបទអន្តរាគមន៍អំពីលទ្ធផលសកម្មភាពការងារការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំសម្រេចបាន។

ឧត្តមសេនីយ៍ទោសោម ស៊ុនបានគូសបញ្ជាក់អំពីលទ្ធផលនៃការការពារទប់ស្កាត់និងបង្ក្រាបការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិគឺទប់ស្កាត់បានស្ទើរទាំងស្រុង។ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះកងកម្លាំងចម្រុះបានរកឃើញផ្ទៃដីដែលជនល្មើសលួចកាប់ទន្ទ្រាន នាពេលកន្លងទៅ ហើយបានដកហូតយកមកគ្រប់គ្រងជាសម្បត្តិរដ្ឋបានជាង៤០០០ហិតា។ជាមួយនោះដែរ កងកម្លំាងនៃបញ្ជាការបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយអាជ្ញាធរដែនដីនិងកងកម្លាំងប្រដាប់អាវុធទាំងបីបានដាំស្ដារព្រៃឈើឡើងវិញបានចំនួនជាង៥៣០០០ដើម។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់អំពីលទ្ធផលនៃការបង្ក្រាបទល្មើសនេសាទក្នុងរយៈពេល ៨ខែកន្លងមកដែលកងកម្លាំងចម្រុះបានធ្វើការត្រួតពិនិត្យទប់ស្កាត់និងបក្រាបបទល្មើសនេសាទដោយបានកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់រួមមានរបាំងសាច់អួនក្រឡាញ់ញឹកនិងរបាំស្បៃមុងបានចំនួនជាង ១៩០គីឡូម៉ែត្រនិងបានចាក់លែងកូនលៀសដែលជនល្មេីសលួចនេសាទខុសច្បាប់ ប្រមាណជាង១៥តោន ចូលទៅក្នុងបឹងទន្លេសាបវិញនិងបានរឹបអូសបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនទៀតដូចជាឧបករណ៍ឆក់ជាដើម។
ក្នុងឱកាសនោះដែរឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំបានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលកន្លងមកនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលជាអនុប្រធានអចិន្ត្រៃយ៍ បានខិតខំប្រឹងប្រែងដឹកនាំបំពេញភារកិច្ចទទួលបានជោគជ័យគួរជាទីមោទនៈ។


ឯកឧត្តម នួន ផារ័ត្ន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនបន្ថែមទៀតជូនដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកត្រូវបន្តរួមគ្នាថែរក្សាសុខសន្តិភាព និងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព ព្រមទាំងការសម្របសម្រួលរកការងារជូនពលករចំណាត់ស្រុកដែលវិលត្រឡប់មកពីប្រទេសថៃវិញឱ្យបងប្អូនមានការងារធ្វើ និងទទួលបានប្រាក់កម្រៃសមរម្យសម្រាប់ចិញ្ចឹមជីវិតរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀតក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ ស៊ុម វណ្ណា





