កិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំដើម្បីជំរុញឱ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធបន្តពង្រឹងទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិនិងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ
AKP កំពង់ធំ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥--នៅសាលប្រជុំសាលាខេត្តកំពង់ធំកាលពីថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២៥បានរៀបចំកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំប្រចាំខែសីហាឆ្នាំ២០២៥ដើម្បីជំរុញឱ្យអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ បន្តពង្រឹងទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិនិងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំនិងមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងនៃគណៈអភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្តអភិបាលក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីនិងអ្នកពាក់ព័ន្ធផ្សេងទៀត។

ឯកឧត្តម នួន ផារ័ត្ន បានណែនាំដល់អភិបាលក្រុង ស្រុក កងកម្លាំងទាំងបីបន្តនីតិវិធីនិងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរថែមទៀតជាពិសេសអាជ្ញាធរនិងកងកម្លាំងឈរជើងប្រចាំការនៅតាមទីបញ្ជាការស្រាលទាំងតំបន់វាលក្រោមនិងវាលលើត្រូវយកចិត្តទុកដាក់ពង្រឹងការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិនិងបទល្មើសផ្សេងៗគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបន្តថានៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះសូមអាជ្ញាធរនិងកងកម្លាំងគ្រប់ជាន់ថ្នាក់ព្រមទាំងមន្ត្រីពាក់ព័ន្ធ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ជូនប្រជាពលរដ្ឋ ពីព្រោះពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌគឺជាបុណ្យប្រពៃណីជាតិខ្មែរហើយបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី តែងតែត្រឡប់មកលេងស្រុកកំណើតជួបជុំក្រុមគ្រួសារសាច់ញាតិ ដូច្នេះកងកម្លាំងសមត្ថកិច្ចត្រូវឈរនៅតាមគោលដៅសំខាន់ៗ និងទីប្រជុំជនដើម្បីសម្រួលចរាចរណ៍ក្នុងការធ្វើដំណើរលើដងផ្លូវកុំឱ្យមានការកកស្ទះ ជាពិសេស ត្រូវដាក់កម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមទីវត្តអារាមនិងនៅតាមតំបន់ទេសចរនានាក្នុងខេត្តផងដែរ៕
ដោយ៖ ស៊ុម វណ្ណា





