អាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំស្វែងរកធាតុចូល ដើម្បីអភិវឌ្ឍន៍
AKP កំពង់ឆ្នាំង ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ -- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំស្វែងរកធាតុចូល ដើម្បីអភិវឌ្ឍន៍ និងធ្វើអោយប្រសើរឡើង ការងារអប់រំក្នុងខេត្តកំពង់ឆ្នាំង ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាល់ប្រជុំសាលាខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គិត ច័ន្ទសីហា ប្រធានតំបន់៣ នៃលេខាធិការដ្ឋាន គ.វ.អ លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត តំណាងមន្ទីរអប់រំខេត្ត អភិបាលក្រុងស្រុកទាំង៨ និងនាយកសាលាខេត្តផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាអង្គភាពអភិបាលក្រុងស្រុកនិងការិយាល័យជំនាញដែលបានចូលរួមក្នុងថ្ងៃនេះសូមធ្វើការត្រង់ត្រាប់ស្តាប់ដើម្បីយកទៅអនុវត្តនូវវិធានការទាំងឡាយដែលបានមកពីកិច្ចប្រជុំនៅថ្ងៃនេះ។ ការធ្វើបទបង្ហាញ ស្តីពីសេចក្តីព្រាងសេចក្តីណែនាំស្តីពីនីតិវិធីនៃការស្វែងរកធាតុចូល ដើម្បីអភិវឌ្ឍន៍ និងធ្វើអោយប្រសើរឡើងស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិនិងមានសំណួរ ចម្លើយជាច្រើនត្រូវបានចោទសួរនិងឆ្លើយផងដែរ។

ទន្ទឹមនឹងនេះឯកឧត្តម បានមានប្រសាសន៍បន្តថា តាមប្រវត្តិនៃការគ្រប់គ្រងរដ្ឋបាលសាធារណៈនៅកម្ពុជា គឺបានអនុវត្តប្រព័ន្ធគ្រប់គ្រងតាមបែបមជ្ឈការជាយូរឆ្នាំមកហើយ។ ការធ្វើកំណែទម្រង់វិមជ្ឈការផ្នែករដ្ឋបាលនិង វិមជ្ឈការហិរញ្ញវត្ថុគឺពិតជាមានភាពសាំញាំ ស្មុគ្រស្មាញដោយសារតែកំណែទម្រង់ដើម្បីអភិវឌ្ឍន៍ទាំងនេះនាំមកនូវការផ្លាស់ប្តូរនិងរបៀបរបបបំពេញការងាររបស់មន្ត្រីរាជការសាធារណៈ នៅគ្រប់លំដាប់ថ្នាក់ មានការបែងចែកមុខងារនិងការទទួលខុសត្រូវ រវាងរដ្ឋបាលសាធារណៈនៅតាមលំដាប់ថ្នាក់ អាស្រ័យលើសមត្ថភាពនៃរដ្ឋបាលនីមួយៗ ។

ក្នុងបរិបទនេះឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ការអនុវត្តគោលនយោបាយធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈ និងគោល នយោបាយស្តីពីការផ្តល់សេវាសាធារណៈដើម្បីអភិវឌ្ឍន៍ និងអប់រំក្នុងខេត្ត ព្រមទាំងធ្វើការវាយតម្លៃ និងការកែលម្អគុណភាពធនធានមនុស្ស សេវាសាធារណៈសិក្សាស្រាវជ្រាវ និងលើកសំណើរអំពីការធ្វើទំនើបកម្ម និងសនិទានកម្មវិស័យមុខងារសាធារណៈសិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌគតិយុត្តនៃមុខងារសាធារណៈ រួមចំណែកកសាងប្រទេសឱ្យមានការរីកចម្រើនថែមទៀត ៕
ដោយ៖ បៃ ស៊ីថុន





